សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឱ្យភ្ញៀវទេសចរដែលមកលេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ

image


កោះកុង៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ ចូលរួមថែរក្សាឱ្យបានគង់វង្ស និងគាំទ្រការពារជីវសមុទ្រទាំងអស់គ្នា ដើម្បីថែរក្សាធនធានធម្មជាតិដ៏កម្រនេះ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា អ៊ឹម រចនា និងអាជ្ញាធរមូលដ្ឋាននៃឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញភ្ញៀវទេសចរមួយចំនួនបានដកហូតនូវផ្កាថ្ម ពីប្រជុំក្កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង យកឡើងមកលើគោក ដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍។

សូមជម្រាបថា ផ្កាថ្ម ជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ វាជួយការពារជីវៈចម្រុះរាប់ពាន់ប្រភេទនៅក្រោមសមុទ្រ គាំទ្រសេដ្ឋកិច្ចក្នុងតំបន់ ពិសេសអេកូទេសចរណ៍ និងសហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ការយល់ដឹងផ្នែកវិទ្យាសាស្រ្ដ៕