សង្គម

ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពធន់ ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣

image


ភ្នំពេញ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមរយៈការពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពធន់ បរិយាប័ន្ន ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងរបបអាហារសុខភាពសម្រាប់ទាំងអស់គ្នា។

ការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបែបនេះរបស់លោកស្រី វ្ល៉ាដាន់កា អង់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី។

លោកស្រី វ្ល៉ាដាន់កា អង់ឌ្រេវ៉ា មានប្រសាសន៍ថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤‑២០២៨ ផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាលើកទី២ ឆ្នាំ២០២៥-២០៣០ ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ផែនការសកម្មភាពការងាររបស់ចលនាបង្កើនអាហារូបត្ថម្ភ និងសម្ព័ន្ធជើងឯកបរិវត្តកម្មប្រព័ន្ធស្បៀង ព្រមទាំងគំនិតផ្តួចផ្តើមនានារបស់អង្គការសហប្រជាជាតិ។

នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី វ្ល៉ាដាន់កា អង់ឌ្រេវ៉ា Vladanka Andreeva ពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ឋភាព និងចីរភាព ជាពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង និងបញ្ចកោណទី៤ មុំទី៣ ការលើកស្ទួយកសិកម្មនិងការអភិវឌ្ឍជនបទ ដែលជាភារកិច្ចរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។
លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បន្តថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នឹងបន្តពង្រឹងអភិបាលកិច្ចស្ថាប័ននិងភាពជាដៃគូ ការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងគំនិតផ្តួចផ្តើមនានា ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។

លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះកម្ពុជាបច្ចុប្បន្ន កំពុងមានវិបត្តិនៅតាមព្រំដែនជាមួយប្រទេសថៃ ក៏កម្ពុជានៅតែមានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត និងផ្គត់ផ្គង់ស្បៀងអាហារសម្រាប់តម្រូវការក្នុងស្រុក និងនាំចេញទៅបរទេស។ ផលិតកម្មក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ចំណែកកំណើតសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់ ៥ភាគរយ ក្នុងឆ្នាំ២០២៦នេះ បើទោះបីជាចរន្តសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។
លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំ និងការចូលរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ក្នុងការជួយរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤‑២០២៨ និងផែន ទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ និងពង្រឹងវិស័យផ្សេងៗទៀត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៏បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងធ្វើការដើម្បីប្រែក្លាយក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនានាឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ដែលការងារនេះ ទាមទារឱ្យមានការចូលរួមគាំទ្រទាំងថវិកា និងបច្ចេកទេសពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីឱ្យកសិករ, ស្ត្រី, ជនក្រីក្រ, យុវជន និងសហគមន៍ជនបទ ទទួលបានអត្ថប្រយោជន៍យូរអង្វែងពីការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ កែវ សារិទ្ធ