អភិបាលខេត្តកណ្តាល ណែនាំអាជ្ញាធរស្រុកលើកដែក ត្រូវការពារតាមបណ្តាទីតាំង ដែលបានបិទ ពាក់ព័ន្ធករណីបទល្មើស Scam Online និងថែរក្សាវត្ថុតាងនានាកុំឱ្យបាត់បង់
កណ្តាល៖ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានណែនាំដល់អាជ្ញាធរស្រុកលើកដែក ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាទីតាំង ដែលបានបិទពាក់ព័ន្ធករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ និងហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។
ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែលលោក គួច ចំរើន បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដោយមានការចូលរួមពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចុះពិនិត្យទីតាំងដែលបានបិទ ពាក់ព័ន្ធករណីបទល្មើស Online Scams ចំនួន ៣ទីតាំង ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល។
លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងមានការជាប់ពាក់ព័ន្ធបទល្មើស Scam Online និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា៕
អត្ថបទ៖ ឈុន សុភ័ក្រ