ផ្សាររាត្រីឥណ្ឌូនេស៊ី បានប្រារព្ធឡើងម្តងទៀត ដោយមានភ្ញៀវទេសចរកាន់តែច្រើន បានចូលរួមទស្សនាពីវប្បធម៌នូសាន់តារ៉ា និងភាពចម្រុះនៃម្ហូបអាហារ
ភ្នំពេញ៖ បន្ទាប់ពីភាពជោគជ័យកាលពីឆ្នាំមុន ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានរៀបចំព្រឹត្តការណ៍ផ្សាររាត្រីឥណ្ឌូនេស៊ី / ប៉ាសា ម៉ាឡាំឥណ្ឌូនេស៊ី ម្តងទៀតនៅតាមផ្លូវថ្មើរជើងចតុមុខ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិទៅក្រោមវត្តមានលោក គ្រិស្នាជី (Krishnajie) ភារធារីស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា។
ផ្សាររាត្រីឥណ្ឌូនេស៊ី គឺជាកម្មវិធីផ្សព្វផ្សាយសេដ្ឋកិច្ច និងវប្បធម៌រួមបញ្ចូលគ្នាដ៏សំខាន់មួយរបស់ស្ថានទូត។ ផ្សាររាត្រីឥណ្ឌូនេស៊ី ដែលរៀបចំឡើងនៅតាមផ្លូវថ្មើរជើងចតុមុខ ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងរាជធានីភ្នំពេញ បានក្លាយជាទីកន្លែងសម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរីករាយជាមួយរាត្រីចុងសប្តាហ៍ដ៏សម្បូរបែប និងពោរពេញដោយវប្បធម៌ជាមួយគ្នា។
ភ្ញៀវទេសចរ បានមានឱកាសភ្លក់រសជាតិម្ហូបឥណ្ឌូនេស៊ីពិតៗ ស្វែងយល់ពីសម្លៀកបំពាក់បាទីក រួមជាមួយនឹងការទិញទំនិញប្រើប្រាស់ឥណ្ឌូនេស៊ីជាច្រើនប្រភេទ ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ ពួកគេក៏នឹងរីករាយទស្សនាការសម្តែងតន្ត្រី និងរបាំប្រពៃណីដ៏រស់រវើកនៅក្នុងរាត្រីវប្បធម៌ផងដែរ។
ក្នុងនាមជាផ្នែកមួយនៃព្រឹត្តិការណ៍ ផ្សាររាត្រីឥណ្ឌូនេស៊ី ឆ្នាំនេះ, ភោជនីយដ្ឋានឥណ្ឌូនេស៊ីចំនួនពីរនៅក្នុងប្រទេសកម្ពុជា ក៏បានទទួលបានវិញ្ញាបនបត្រ Duta Rasa Nusantara ផងដែរ។ នេះគឺដើម្បីបង្ហាញពីការកោតសរសើរចំពោះការងាររបស់ពួកគេក្នុងការលើកកម្ពស់ម្ហូបអាហារដ៏សម្បូរបែបរបស់ឥណ្ឌូនេស៊ី តាមរយៈការបម្រើម្ហូបអាហារឥណ្ឌូនេស៊ីពិតប្រាកដ។
ផ្សាររាត្រីឥណ្ឌូនេស៊ី ក៏មានតារាចម្រៀង 'dangdut' ឥណ្ឌូនេស៊ី Fire Amanda, DJ Osvaldo Nugroho, តារាចម្រៀងចង្វាក់ jazz ឥណ្ឌូនេស៊ីនៅប្រទេសកម្ពុជា Intan Andriana និងក្រុមតន្រ្តីក្នុងស្រុក Crazy Mix Band។
ស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញ សង្ឃឹមថា ផ្សាររាត្រីឥណ្ឌូនេស៊ី នឹងតំណាងឱ្យចំណងមិត្តភាពដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងកម្ពុជា។ លើសពីនេះ ការរៀបចំព្រឹត្តិការណ៍នេះ មានបំណងបង្ហាញពីភាពធន់រួមគ្នារបស់ប្រជាជនមកពីប្រទេសទាំងពីរ ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមសកលនាពេលបច្ចុប្បន្ន។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦នេះ ឥណ្ឌូនេស៊ី បានកត់ត្រាការកើនឡើង ៦.៦% ធៀបនឹងឆ្នាំមុន នៃការនាំចេញទៅកាន់ប្រទេសកម្ពុជាដែលមានតម្លៃជាង ២៧៤លានដុល្លារអាមេរិក ដែលនាំមុខគេជាដៃគូពាណិជ្ជកម្មធំជាងគេទី៩ របស់កម្ពុជា។ ផលិតផលនាំចេញច្រើនជាងគេរបស់ប្រទេសឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជាគឺ ធ្យូងថ្ម បារី មី/មីកញ្ចប់ ម៉ូតូ និងថ្នាំពេទ្យ។
លើវិស័យទេសចរណ៍ មានភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៥០.០០០ នាក់បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ភ្ញៀវទេសចរកម្ពុជា ជិត ១១.០០០ នាក់ ទៅទស្សនាប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២៥៕