លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ការជ្រើសរើសមន្ត្រី ត្រូវបានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” គឺ អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច ហើយអ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ប្រាប់ដល់មន្ត្រីជាប់កិច្ចសន្យាបច្ចេកទេសជំនាញច្បាប់ អំពីគោលការណ៍នៃការជ្រើសរើសមន្ត្រី ដែលបានកំណត់យកគោលការណ៍ “គុណាធិបតេយ្យ” គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច ហើយអ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព”។
ការបញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ខណៈលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២ សរុបចំនួន ៣០រូប ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំថា នេះជាឱកាសមួយ ដែលអនុញ្ញាតឱ្យមន្ត្រីជាប់កិច្ចសន្យាបច្ចេកទេស ជំនាញច្បាប់ ជំនាន់ទី២ ទាំង ៣០រូប បានបង្ហាញនូវសមត្ថភាពរបស់ខ្លួន និងអាចចូលរួមជាមួយវិស័យយុត្តិធម៌ក្នុងការបម្រើប្រជាពលរដ្ឋបាន។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង ក៏ដូចជា តម្រង់ទិសដល់មន្រ្តីជាប់កិច្ចសន្យាបច្ចេកទេសជំនាញច្បាប់ ជំនាន់ទី២ ដើម្បីត្រៀមលក្ខណៈទៅបំពេញការងារនៅតាមអង្គភាពនានាចំណុះក្រសួងយុត្តិធម៌។
ការបណ្ដុះបណ្ដាលផ្តោតលើ (១)-អំពីរចនាសម្ព័ន្ធនៃអង្គភាពចំណុះរបស់ក្រសួងយុត្តិធម៌, (២)-អំពីមុខងារ និងក្រមសីលធម៌របស់មន្ត្រី, (៣)-អំពីការងារជំនាញតាមអង្គភាពចំណុះក្រសួងយុត្តិធម៌, (៤)-ការរៀបចំ និងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និង (៥)-ការងារពាក់ព័ន្ធផ្សេងៗទៀត។ វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីជាប់កិច្ចសន្យានេះ នឹងប្រព្រឹត្តទៅរយៈពេល ១ខែ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៕