សង្គម

អគ្គនាយកគយកម្ពុជា៖ ការដាក់ចេញវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់គយ មានគោលបំណងសំខាន់២ ក្នុងបរិបទដែលកម្ពុជា កំពុងរងវិបត្តិប្រៀបដូចព្យុះសង្ឃរាផ្ទួនៗគ្នាចំនួន៣

image


ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្ដក្នុងឆ្នាំ២០២៦ នៅសាលាជាតិគយ។

លោក គុណ ញឹម បានបញ្ជាក់ថា ការដាក់ចេញវិធានមុតស្រួចនេះ មានគោលបំណងសំខាន់២ រួមមាន៖ (១) បង្កើនចំណូលពន្ធអាករ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង (២) កែលម្អ និងបង្កជាបរិយាកាស ស្មើភាពនៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ការដាក់ចេញនូវវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ មានលក្ខណៈម៉ឺងម៉ាត់ និងប្រាកដនិយម ដែលជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

លោក គុណ ញឹម មានប្រសាសន៍ថា “ការដាក់ចេញវិធានការដ៏ចាំបាច់បំផុតនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងរងវិបត្តិប្រៀបដូចជាព្យុះសង្ឃរាផ្ទួនៗគ្នា ចំនួន៣៖ ១.សង្គ្រាមឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ពីសំណាក់ប្រទេសថៃ ២.ប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធអ៉ីនធើណេតនិង៣.សង្គ្រាមនៅអ៉ីរ៉ង់ ដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។”

ក្នុងពិធីនេះដែរ លោក គុណ ញឹម បានបញ្ជាក់ដែរថា ដើម្បីជាផ្នែកមួយ នៃកិច្ចសម្រួលពាណិជ្ជកម្ម និងចូលរួមចំណែក ក្នុងការកាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម (Logistics) រាជរដ្ឋាភិបាល បានសម្រេចអនុវត្ដចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះតទៅ គឺលុបបំបាត់កម្រៃស្កេនកុងតឺន័រទាំងស្រុងតែម្ដង។
បន្ថែមពីនោះទៀត លោក គុណ ញឹម បានឲ្យដឹងថា ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់ នៃតម្លៃប្រេងឥន្ធនៈជាសកល រាជរដ្ឋាភិបាល បានដាក់ចេញវិធានការរួមមាន៖ (១)៖ ការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បង គឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង (២)៖ ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បីជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់។
លោក គុណ ញឹម បានគូសបញ្ជាក់ថា តាមការប៉ាន់ស្មាន ការអនុវត្តវិធានការទាំង២នេះ នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត៥០លានដុល្លារអាម៉េរិក ក្នុងមួយខែ។

សូមជម្រាបថា ក្នុងសិក្ខាសាលានេះ មានបទបង្ហាញស្ដីពី «វិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្ដក្នុងឆ្នាំ២០២៦» ដោយលោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផងដែរ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី