ក្រោយចូលឆ្នាំ១០ថ្ងៃ មានក្មេងទំនើង និងអ្នកងប់ល្បែង ៨០នាក់ ត្រូវនគរបាលចាប់បញ្ជូនទៅតុលាការ
ភ្នំពេញ៖ រយៈពេល១០ថ្ងៃ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី រាប់ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន ២៣ករណី ឃាត់ខ្លួនមនុស្សសរុប៧៥នាក់ និងបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ចំនួន ៣ទីតាំង ឃាត់ខ្លួនជនងប់ល្បែង ៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល កំពត កំពង់ចាម ក្រចេះ ស្វាយរៀង និងខេត្តរតនគិរី។ ចំនួននេះ បានថយចុះ ធៀបនឹងរយៈពេល១០ថ្ងៃ មុនពិធីបុណ្យចូលឆ្នាំ។
លទ្ធផលនៃការបង្ក្រាបទាំងករណីក្មេងទំនើង និងល្បែងស៊ីសងនេះ បានបញ្ជាក់ថា អាជ្ញាធរ និងកម្លាំងនគរបាល នៅតែបន្តបង្ក្រាបមិនដកដៃឡើយ ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន៕