ជម្លោះនៅមជ្ឈិមបូព៌ា បណ្ដាលឱ្យនាវាដឹកប្រេងជាច្រើនគ្រឿង ជាប់គាំងនៅឯឈូងសមុទ្រពែរ្ស អស់រយៈពេល ៥៥ថ្ងៃមកហើយ
ឈូងសមុទ្រពែរ្ស៖ ស្ថានភាពតានតឹងនៅក្នុងឈូងសមុទ្រពែរ្ស បានធ្វើឱ្យនាវាដឹកប្រេងជាច្រើនគ្រឿង ត្រូវជាប់គាំងនៅកណ្ដាលសមុទ្រអស់រយៈពេលជិត ២ ខែមកហើយ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន RT ពីទីក្រុងមូស្គូ កងនាវា រ៉ាម៉ាន់ កាពួរ (Raman Kapoor) ដែលស្ថិតនៅឯឈូងសមុទ្រពែរ្ស បានបង្ហើបឱ្យដឹងថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង នាវារបស់លោកមិនអាចធ្វើដំណើរទៅមុខបានឡើយ ហើយថែមទាំងបានឃើញសកម្មភាពវាយប្រហារដោយយោធាជាបន្តបន្ទាប់នៅក្បែរនោះទៀតផង ។
ទិដ្ឋភាពដែល RT ទទួលបាន បានបង្ហាញឱ្យឃើញនូវទិដ្ឋភាពនាវាដឹកប្រេងខ្នាតយក្សជាច្រើនគ្រឿង កំពុងបោះយុថ្កានៅស្ងៀមត្រឹង ហាក់បីដូចជាទីបញ្ចុះសពនាវានៅកណ្ដាលសមុទ្រយ៉ាងដូច្នោះដែរ។ ការជាប់គាំងនេះ មិនត្រឹមតែប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតជាសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងដល់នាវិកដែលរស់នៅចំកណ្ដាលតំបន់សមរភូមិបែបនេះ ។
បញ្ហាសន្តិសុខដ៏ធំបំផុតដែលកំពុងយាយីនាវាទាំងនោះ គឺវត្តមាននៃគ្រាប់មីនជាច្រើន ដែលត្រូវបានដាក់ពង្រាយនៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz)។ ទោះបីជាមានសេចក្តីរាយការណ៍ថា សហរដ្ឋអាម៉េរិក និងកងកម្លាំងអន្តរជាតិកំពុងព្យាយាមធ្វើប្រតិបត្តិការដោះមីនទាំងនោះក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលនៅផ្ទាល់ក្នុងទីសមរភូមិលើផ្ទៃសមុទ្រដ៏ល្វឹងល្វើយ ហាក់ពុំទាន់ទទួលបាននូវសុវត្ថិភាពណាមួយដែលគួរឱ្យទុកចិត្តនៅឡើយទេ ។
នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខនេះ បានឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់ និងគ្រោះថ្នាក់ដ៏ធំធេងដែលនាវាដឹកជញ្ជូនអន្តរជាតិកំពុងជួបប្រទះ។ ការរង់ចាំដោយគ្មានកាលកំណត់ ចំពេលដែលមានការវាយប្រហារ និងគ្រាប់មីននៅជុំវិញខ្លួន បានធ្វើឱ្យច្រកសមុទ្រ ហ័រមូស (Hormuz) ក្លាយជាតំបន់ដែលគ្រោះថ្នាក់បំផុតមួយសម្រាប់សន្តិសុខថាមពលពិភពលោក ក្នុងគ្រាដែលសង្គ្រាមនៅតែបន្តអូសបន្លាយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT’s video.