ក្រុមនិគមជនអ៊ីស្រាអ៊ែលដែលទើបតែតាំងទីលំនៅថ្មី បានសម្រុកចូលវាយប្រហារលើភូមិ Jalud របស់ប៉ាឡេស្ទីន ក្នុងតំបន់ West Bank
ប៉ាឡេស្ទីន៖ ស្ថានការណ៍នៅតំបន់ វ៉េសប៊ែង (West Bank) បានឈានដល់ស្ថានភាពតានតឹងជាបន្តបន្ទាប់ ក្រោយក្រុមនិគមជនអ៊ីស្រាអ៊ែលដែលទើបតែតាំងទីលំនៅថ្មី បានសម្រុកចូលវាយប្រហារយ៉ាងសាហាវទៅលើភូមិ យ៉ាលូដ (Jalud) កាលពីដើមសប្ដាហ៍នេះ។ ការវាយប្រហារនេះ មិនត្រឹមតែបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាសកម្មភាពដែលអ្នកភូមិនិយាយថាជាអំពើយង់ឃ្នង ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ដោយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងការរស់នៅរបស់ប្រជាជននៅតំបន់នោះ ។
ការបំផ្លិចបំផ្លាញនេះ ត្រូវគេមើលឃើញនៅពាសពេញភូមិ រួមមានទាំងការដុតកម្ទេចរថយន្ត ផ្ទះសម្បែង និងសូម្បីតែមណ្ឌលសុខភាពដែលជាទីកន្លែងសង្គ្រោះជីវិតមនុស្ស។ ជនរងគ្រោះ បានរៀបរាប់ពីទិដ្ឋភាពដ៏គួរឱ្យខ្លាច នៅពេលដែលមនុស្សជាង ១០០ នាក់បានឡោមព័ទ្ធផ្ទះរបស់ពួកគេ ហើយប្រើប្រាស់សាំងដើម្បីដុតបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនៅចំពោះមុខ ដែលបង្ខំឱ្យគ្រួសារខ្លះត្រូវបោះបង់ចោលផ្ទះសម្បែងរបស់ខ្លួន ដើម្បីតែរួចរស់ជីវិត ។
ទិន្នន័យពីខាងប៉ាឡេស្ទីន បានបង្ហាញពីតួលេខដ៏គួរឱ្យបារម្ភ ដោយមានការវាយប្រហាររាប់ពាន់ដងបានកើតឡើងនៅទូទាំងតំបន់ វ៉េសប៊ែង (West Bank) ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ។ ការកើនឡើងនូវចំនួននៃការវាយប្រហារនេះ បានឆ្លុះបញ្ចាំងពីបរិយាកាសនៃអរិភាព និងការបាត់បង់ការគ្រប់គ្រងលើបញ្ហាសន្តិសុខ ដោយធ្វើឱ្យប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់ជម្លោះ ស្ថិតក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃចំពោះការបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ។
ព្រឹត្តិការណ៍នៅភូមិ យ៉ាលូដ (Jalud) គ្រាន់តែជាផ្នែកដ៏តូចមួយស្ថិតក្នុងចំណោមវិបត្តិធំៗផ្សេងទៀត រួមទាំងវិវាទដីធ្លី និងជាតិសាសន៍ដែលមិនចេះចប់មិនចេះហើយរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។ កំណើនអំពើហិង្សាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិមានក្ដីព្រួយបារម្ភកាន់តែខ្លាំង ខណៈការព្យាយាមស្វែងរកសន្តិភាពហាក់ដូចជាកំពុងស្ថិតក្នុងភាពស្រពិចស្រពិលបំផុត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.