ទីក្រុង Dallas និងតំបន់ណតតិចសាស់ រដ្ឋតិចសាស់ រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីព្យុះកំបុតត្បូង
សហរដ្ឋអាម៉េរិក៖ ព្យុះកំបុតត្បូងដ៏សាហាវបានវាយប្រហារទីក្រុង ដាឡាស់ (Dallas) និងតំបន់ណតតិចសាស់ (North Texas) ស្ថិតនៅក្នុងរដ្ឋតិចសាស់ (Texas) ដោយឆក់យកអាយុជីវិតមនុស្ស ២នាក់ និងរបួសជាច្រើននាក់ ជាមួយនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ កម្លាំងខ្យល់ដ៏ខ្លាំងក្លា បានបោកបក់កម្ទេចផ្ទះសម្បែង និងអគារជាច្រើនឱ្យខ្ទេចខ្ទីក្នុងរយៈពេលដ៏ខ្លី ដោយធ្វើឱ្យតំបន់ដែលធ្លាប់តែមានសណ្ដាប់ធ្នាប់ ប្រែទៅជាភូមិបាក់បែក។ បន្ថែមពីនេះ ក៏នៅមានមនុស្សបាត់ខ្លួនដែលកំពុងរង់ចាំការជួយសង្គ្រោះ ។
ជនរងគ្រោះដែលបានរួចជីវិតបានរៀបរាប់ពីបទពិសោធន៍ដ៏គួរឱ្យរន្ធត់ ដោយនិយាយថា កម្លាំងខ្យល់ព្យុះនោះ ស្ទើរតែអាចបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនៅចំពោះមុខ។ អ្នកខ្លះបានបង្ខំចិត្តរត់ចូលទៅក្នុងជម្រកក្រោមដី ដើម្បីគេចពីខ្យល់បក់បោកខ្លាំង និងការធ្លាក់ចុះនៃដុំទឹកកកធំៗ ។
មូលហេតុដែលធ្វើឱ្យតំបន់ភាគខាងជើងរដ្ឋតិចសាស់ រងគ្រោះញឹកញាប់បែបនេះ គឺដោយសារទីតាំងនេះស្ថិតនៅក្នុងតំបន់ដែលជាចំណុចប៉ះទង្គិចគ្នារវាងចរន្តខ្យល់ក្ដៅ និងខ្យល់ត្រជាក់។ បច្ចុប្បន្ន អាជ្ញាធរកំពុងមមាញឹកក្នុងការងារជួយសង្គ្រោះ និងបោសសម្អាតតំបន់រងគ្រោះ ព្រមទាំងក្រើនរម្លឹកដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអាកាសធាតុដែលមិនទាន់មានស្ថិរភាពនៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.