ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន ៤បន្ថែមទៀត ដែលធ្វើឱ្យផលិតផល GI កម្ពុជា កើនដល់ ១២មុខ
ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ចំនួន ៤បន្ថែម ដល់តំណាងសមាគមពាក់ព័ន្ធ រួមមាន៖ សូត្រមាសភ្នំស្រុក ក្តាមថ្មកោះកុង ស្វាយឧត្តរមានជ័យ និងស្វាយចន្ទីកំពង់ធំ ព្រមទាំងបានចុះបញ្ជីម៉ាកសមូហភាព «ឃ្មុំព្រៃព្រះវិហារ» ផងដែរ។
ការចុះបញ្ជីបន្ថែមនេះ បានធ្វើឲ្យចំនួនផលិតផលដែលមានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅកម្ពុជា កើនដល់សរុប ១២មុខ។ ផលិតផលទាំងនោះ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ឃ្មុំព្រៃមណ្ឌលគិរី ក្រូចថ្លុងកោះទ្រុង ទឹកត្រីកំពត-កែប អំបិលកំពត-កែប បង្កងតាកែវ ប្រហុកសៀមរាប ស្វាយចន្ទីកំពង់ធំ ស្វាយឧត្តរមានជ័យ ក្តាមថ្មកោះកុង និងសូត្រមាសភ្នំស្រុក។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត» នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាជំហានសំខាន់មួយក្នុងការជំរុញ និងលើកកម្ពស់អត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។
លោកស្រីបន្តថា ជំហានបន្ទាប់ ក្រសួងនឹងបន្តពិនិត្យលទ្ធភាព ក្នុងការស្នើសុំចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ ក្រោមក្របខណ្ឌច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន។
លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ផលិតផលដែលទទួលបានការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ ត្រូវបានទទួលស្គាល់ថាមានគុណភាពល្អ អាចបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងបន្ថែមតម្លៃទីផ្សារ បើប្រៀបធៀបនឹងផលិតផលដែលមិនទាន់មានការចុះបញ្ជី GI៕