ទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បង្ហាញការគាំទ្រយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះយុទ្ធនាការនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ លោក គីម ឆាងយ៉ុង បានថ្លែងការគាំទ្របែនេះ ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយនឹងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពិភាក្សាបញ្ហាបទល្មើសបោកប្រាស់ និងស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តខេត្ត នៅថ្ងទី២៨ ខែមេសា ឆ្នាំ ២០២៦។
ក្នុងជំនួបនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា អនុវត្តនូវបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បាន និងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដោយបានដាក់ចេញផែនការសកម្មភាព និងចាត់វិធានការជំរុញអនុវត្តយ៉ាងសកម្ម ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យទីតាំងសង្ស័យមានជនបរទេសរស់នៅប្រមូលផ្ដុំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តសង្ស័យ និងបានចុះប្រតិបត្តិការបង្ក្រាបបានជាបន្តបន្ទាប់។
លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាវរបធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវផែនការក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដែលកំពុងអនុវត្តទទួលបានជោគជ័យ និងបានធ្វើការបង្ក្រាបលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់។
ជាមួយគ្នានោះ លោកទូត ក៏បានអរគុណចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសលោក អ៊ុំ រាត្រី អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វេីការងារនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការការពារសុខសុវត្ថិភាព។ ជាក់ស្តែងខណៈក្នុងកំឡុងពេលមានជម្លោះតាមបន្ទាត់ព្រំដែន ពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក រួមទាំងកុមារភៀសសឹក ពិសេសក៏ដូចជាជនបរទេស ក៏ដូចជាជនជាតិកូរ៉េ ដែលរស់នៅក្នុងខេត្ត ទទួលបានការការពារសុវត្ថិភាពបានយ៉ាងល្អប្រសេីរ៕
អត្ថបទ៖ លោក ប៊ុន សំណាង