សង្គម

រដ្ឋបាលខេត្តកណ្ដាល និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមគ្នាដោះស្រាយកង្វល់រឿងតម្លៃទឹកស្អាត ជូនពលរដ្ឋនៅបុរីសុភមង្គល ក្រុងតាខ្មៅ ទទួលបានជោគជ័យ

image


កណ្ដាល៖ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ លោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញជអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ក្នុងកិច្ចប្រជុំនេះ មានការពន្យល់ បកស្រាយ និងបំភ្លឺពីសំណាក់លោក ឯក សុនចាន់ និងលោក គួច ចំរើន បានធ្វើឲ្យតំណាងប្រជាពលរដ្ឋ ដែលមានបញ្ហាពាក់ព័ន្ធនឹងតម្លៃទឹកស្អាត យល់ព្រម និងឯកភាពស្រុះស្រួលជាមួយរដ្ឋាករទឹក ដោយបរិយាកាសសប្បាយរីករាយ។

មានប្រសាសន៍ទៅកាន់តំណាងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរីសុភមង្គល លោក គួច ចំរើន បានបញ្ជាក់ថា ក្រុមការងារនឹងចុះទៅផ្សព្វផ្សាយ និងពន្យល់ជូនប្រជាពលរដ្ឋដល់ទីតាំងបុរីដោយផ្ទាល់ ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ ពាក់ព័ន្ធនឹងតម្លៃទឹក ដែលមិនទាន់បានបង់ អាចធ្វើការបង់ជាដំណាក់កាល (បង់រំលោះ) បាន ខណៈដែលការផ្គត់ផ្គង់ទឹកនៅតែដំណើរការធម្មតា។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានប័ណ្ណសមធម៌សង្គម សូមមកដាក់ពាក្យនៅរដ្ឋាករទឹក ដើម្បីឲ្យក្រុមការងារធ្វើការពិនិត្យ និងដោះស្រាយជូនតាមរយៈកម្មវិធីមូលនិធិសង្គម រដ្ឋបាលខេត្ត នឹងរៀបចំមន្ត្រីជួយសម្រួលដល់បងប្អូនផងដែរ៕

អត្ថបទ៖ ឈុន សុភ័ក្ត្រ