ស្ត្រី១៥នាក់ស្លាប់ និងមនុស្ស៨៨នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងនៅឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ សោកនាដកម្មរថភ្លើងបុកគ្នាដ៏រន្ធត់មួយបានកើតឡើងនៅស្ថានីយបេកាស៊ិ ទីមួរ (Bekasi Timur) ក្នុងតំបន់ជ្វាខាងលិច ប្រទេសឥណ្ឌូណេស៊ី ដែលបណ្ដាលឱ្យស្ត្រី ១៥ នាក់បាត់បង់ជីវិត និងមនុស្ស ៨៨ នាក់ទៀតរងរបួស។ គ្រោះថ្នាក់នេះ បានកើតឡើងក្នុងសភាពច្របូកច្របល់បំផុត បន្ទាប់ពីមានរថយន្តតាក់ស៊ីមួយគ្រឿងខូចរាំងផ្លូវដែក កាលពីម៉ោង ៨:៥២ នាទីយប់ថ្ងៃចន្ទ បន្ទាប់មកក៏មានរថភ្លើងមួយគ្រឿងរត់ទៅបុកតាក់ស៊ីនោះ។
ដោយសារតែមានគ្រោះថ្នាក់រថយន្តតាក់ស៊ីនៅខាងមុខ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀតដែលធ្វើដំណើរទៅកាន់ស្ថានីយ ស៊ីការីត (Cikarid) ត្រូវបានបញ្ជាឱ្យឈប់រង់ចាំនៅឯចំណតស្ថានីយបេកាស៊ិ ទីមួរ (Bekasi Timur) ដោយមានអ្នកដំណើរពេញនៅក្នុងនោះ។ ប្រាំនាទីក្រោយមក ក៏មានរថភ្លើងល្បឿនលឿនមួយគ្រឿងទៀត រត់មកបុកចំពីក្រោយយ៉ាងពេញទំហឹង នៅម៉ោង ៨:៥៧ នាទីយប់ ។
គេសង្ស័យថា មូលហេតុចម្បងនៃគ្រោះមហន្តរាយនេះ បណ្ដាលមកពីការបរាជ័យនៃប្រព័ន្ធសញ្ញា ឬការទាក់ទងគ្នាមិនបានសម្រេច ដែលធ្វើឱ្យរថភ្លើងល្បឿនលឿនមិនដឹងថាមានរថភ្លើងមួយគ្រឿងទៀតកំពុងឈប់រង់ចាំនៅខាងមុខ។ ហេតុការណ៍បុកគ្នានេះ មានកម្លាំងខ្លាំងរហូតធ្វើឱ្យទូររថភ្លើងផ្នែកខាងក្រោយខ្ទេចខ្ទីដល់ដី ដែលបង្កជាទិដ្ឋភាពដ៏រន្ធត់ និងបង្ហាញពីចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពផ្លូវដែក ។
អ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះ គឺជនរងគ្រោះដែលបាត់បង់ជីវិតទាំងអស់គឺជាស្ត្រី។ នេះក៏ដោយសារតែនៅឥណ្ឌូណេស៊ី គេបានកំណត់យកទូររថភ្លើងខាងក្រោយគេបង្អស់សម្រាប់តែស្ត្រីជិះប៉ុណ្ណោះ ដោយទូរនោះហើយ ដែលជាចំណុចរងការបុកទង្គិចដោយផ្ទាល់ពីរថភ្លើងល្បឿនលឿន។ សាក្សី និងសាច់ញាតិជនរងគ្រោះបានរៀបរាប់ពីការភ័យខ្លាច ដោយមានមនុស្សជាច្រើនជាប់នៅក្នុងកម្ទេចកម្ទីបាក់បែក និងស្រែកដង្ហើយហៅរកការជួយសង្គ្រោះ ។
ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនរថភ្លើងជាតិឥណ្ឌូណេស៊ី បានប្រកាសផ្អាកការធ្វើដំណើរជាច្រើនខ្សែ ដើម្បីសម្រួលដល់ការជួសជុលផ្លូវ និងការស៊ើបអង្កេតយ៉ាងដិតដល់ពីសំណាក់អាជ្ញាធរជំនាញ។ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តទទួលខុសត្រូវទាំងស្រុងលើថ្លៃព្យាបាល និងសំណងដល់គ្រួសារសព ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះកំហុសបច្ចេកទេសដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.