មនុស្ស ៤នាក់ស្លាប់ ក្រោយការវាយប្រហារតាមអាកាសលើរថយន្តស៊ីវិលមួយគ្រឿង ក្នុងទីក្រុងហ្គាហ្សា
ហ្គាហ្សា, ប៉ាឡេស្ទីន៖ កាលពីថ្ងៃអង្គារកន្លងទៅ ការវាយប្រហារតាមអាកាសលើរថយន្តស៊ីវិលមួយគ្រឿង បានបណ្ដាលឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិតភ្លាមៗ និងបង្កឱ្យមានភាពចលាចលនៅក្បែរតំបន់ហៃដា (Haidar) ទីក្រុងហ្គាហ្សា ខណៈដែលក្រុមគ្រួសារជនរងគ្រោះបានត្រឹមតែយំសោកចំពោះការបាត់បង់សមាជិកគ្រួសារយ៉ាងអាណោចអាធ័ម ។
ទោះបីជាមានការខិតខំប្រឹងប្រែងផ្នែកការទូតពីសំណាក់សហរដ្ឋអាម៉េរិក ក្រោមផែនការសន្តិភាព ២០ ចំណុចរបស់លោក ដូណាល់ ត្រាំ ដើម្បីស្ដារតំបន់ហ្គាហ្សាឡើងវិញក៏ដោយ ប៉ុន្តែអំពើហិង្សានៅតែបន្តកើតមានជាហូរហែ ។
ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងជាលំដាប់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ មក ដែលបង្ហាញថាបទឈប់បាញ់បច្ចុប្បន្ននៅតែមានភាពផុយស្រួយខ្លាំងបំផុត និងមិនទាន់អាចធានាសុវត្ថិភាពពេញលេញដល់ប្រជាជនក្នុងតំបន់បាននៅឡើយ ។
សោកនាដកម្មដែលបានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០២៣ បានបន្សល់ទុកនូវរបួសស្នាមយ៉ាងធ្ងន់ធ្ងរសម្រាប់ភាគីទាំងសងខាង ជាពិសេសចំនួនអ្នកស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ហ្គាហ្សា។ ការវាយប្រហារលើរថយន្តកាលពីថ្ងៃអង្គារនេះ គឺជាការរម្លឹកមួយទៀតដល់ពិភពលោកថា បើគ្មានដំណោះស្រាយនយោបាយដែលច្បាស់លាស់ និងការគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ទេ នោះជីវិតប្រជាជនស៊ីវិលនឹងនៅតែបន្តស្ថិតក្នុងគ្រោះថ្នាក់បែបនេះជារៀងរហូត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY