សង្គម

ករណីលួចដុតផ្ទះ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ពេលនេះសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ គឺជាអតីតសង្សាកូនម្ចាស់ផ្ទះ ព្រោះតែខឹងឪពុកម្ដាយបំបែកបំបាក់

image


ភ្នំពេញ៖ កាលពីវេលាម៉ោង ១:១០នាទីយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ មានស្ត្រីជាជនសង្ស័យ ម្នាក់បានយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យខូចខាតធុងចម្រោះទឹកចំនួន១ និងខ្សែភ្លើងមួយចំនួន។ ក្រោយកើតហេតុ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាព ហើយឃើញស្ត្រីម្នាក់ដែលជាអតីតសង្សាររបស់កូនជាអ្នកដុត។ ក្នុងនោះជនរងគ្រោះ ក៏បានប្តឹងទៅសមត្ថកិច្ចឈានដល់ស្រាវជ្រាវឃាត់ខ្លួនបានស្ត្រីដែលជាជនសង្ស័យរូបនោះបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់។

យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ បានឈានដល់ឃាត់ខ្លួនស្ត្រីម្នាក់ដែលលួចចាក់សាំងដុតផ្ទះបានកាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមចម្លើយសារភាពរបស់ស្ត្រីជនសង្ស័យបានឱ្យដឹងថា ការដែលលួចដុតផ្ទះនេះ ព្រោះតែខឹងឪពុកម្ដាយបំបែកបំបាក់ជាមួយអតីតសង្សា(កូនម្ចាស់ផ្ទះជនរងគ្រោះ)។ ជនសង្ស័យមានឈ្មោះ ឡុង ប៉ុច អាយុ ៤៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យ និង ឈ្មោះ ឡូ រតនា ជាកូនប្រុសម្ចាស់ផ្ទះ បានស្រឡាញ់គ្នា ប៉ុន្តែបានបែកបាក់គ្នា ដោយសារឪពុកម្ដាយខាងប្រុសមិនពេញចិត្ត ជាហេតុធ្វើឲ្យស្ត្រីដែលជាជនសង្ស័យខឹងនឹងឪពុកម្ដាយ និងសង្សារ ក៏បានរៀបចំគម្រោងការយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះតែម្ដង៕