ព័ត៌មានអន្តរជាតិ

អារ៉ាប់រួម គូសបញ្ជាក់ថា ការសម្រេចចាកចេញពី OPEC គឺដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតថាមពលសកល

image


សហភាពអារ៉ាប់រួម៖ សហភាពអារ៉ាប់រួម បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីការប្រកាសចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង OPEC និង OPEC+ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងឯករាជ្យភាពរបស់ខ្លួនក្នុងការសម្រេចចិត្តលើវិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសកលដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន។ នេះបើយោងតាមការបញ្ជាក់ពីលោក ស៊ូហែល ប៊ីន ម៉ូហាំម៉ាត់ អាល់ ម៉ាស៊្រូអ៊ី (Suhail bin Mohammed Al Mazrouei) រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម កាលពីថ្ងៃអង្គារ ។

មូលហេតុចម្បងមួយដែលរុញច្រានឱ្យមានការចាកចេញនេះ គឺវិបត្តិថាមពលដែលបណ្ដាលមកពីការបិទច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយក្នុងលោក។ ការបិទច្រកសមុទ្រនេះ បានធ្វើឱ្យស្តុកប្រេងបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសជាច្រើនត្រូវថយចុះយ៉ាងខ្លាំង ដោយទាមទារឱ្យមានអ្នកផលិតដែលមានសមត្ថភាពខ្ពស់ដូចជា អារ៉ាប់រួម (UAE) ចូលមកជួយបំពេញបន្ថែមឱ្យបានទាន់ពេលវេលា និងដោយគ្មានការរឹតត្បិតពីកូតារបស់អង្គការ OPEC ។

តាមរយៈការចាកចេញនេះ អារ៉ាប់រួម មានផែនការមហិច្ឆតាក្នុងការបង្កើនទិន្នផលផលិតកម្មប្រេងរបស់ខ្លួនឱ្យដល់ ៥ លានបារ៉ែលក្នុងមួយថ្ងៃ នៅត្រឹមឆ្នាំ ២០២៧។ យុទ្ធសាស្ត្រនេះ គឺដើម្បីធានាថា អារ៉ាប់រួម អាចដើរតួជាអ្នកផ្គត់ផ្គង់ថាមពលដ៏គួរឱ្យទុកចិត្ត និងមានភាពបត់បែនខ្ពស់បំផុតក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ដោយការសម្រេចចិត្តលឿន និងច្បាស់លាស់បែបនេះ គឺជាកត្តាចូលរួមដល់ការសង្គ្រោះសេដ្ឋកិច្ចសកល ។

ទោះបីជាសម្រេចចិត្តដើរផ្លូវដាច់ដោយឡែកក៏ដោយ ប៉ុន្តែអារ៉ាប់រួម បានបញ្ជាក់ពីការគោរព និងកោតសរសើរចំពោះកិច្ចសហការជាមួយ OPEC ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ។ អារ៉ាប់រួម នៅតែមានបំណងចង់ឃើញស្ថិរភាពនៅក្នុងទីផ្សារប្រេងពិភពលោក និងសង្ឃឹមថាការចាកចេញរបស់ខ្លួននឹងក្លាយជាចំណែកមួយក្នុងការជួយសង្គ្រោះសន្តិសុខថាមពលសកល ដែលកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ។

ការចាកចេញរបស់អារ៉ាប់រួម ពី OPEC គឺជាសញ្ញានៃការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងភូមិសាស្ត្រនយោបាយថាមពល។ វាបង្ហាញពីការងាកទៅរកគោលនយោបាយ «ម្ចាស់ការលើខ្លួនឯង» ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងដើរតួជាអ្នកសម្របសម្រួលទីផ្សារដោយសេរី ដែលអាចជួយឱ្យពិភពលោកជៀសផុតពីវិបត្តិខ្វះខាតប្រេងដ៏រ៉ាំរ៉ៃបាននាពេលអនាគត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.