សង្គម

ឱកាសកម្រសម្រាប់យុវជនកម្ពុជា! កម្ពុជាផ្តល់អាហារូបករណ៍ជំនាញអវកាសទៅសិក្សានៅក្រៅប្រទេស

image


ភ្នំពេញ៖ ក្នុងការបង្កើនធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់ និងអវកាស ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសជ្រើសរើសនិស្សិតចំនួន ២៥ នាក់ ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នៅក្រៅប្រទេស។

ការផ្តល់អាហារូបករណ៍នេះ ជាការពង្រីកធនធានមនុស្សថ្មីបន្ថែមទៀត ជាពិសេសលើវិស័យវិស្វកម្មទូរគមនាគមន៍ និងបច្ចេកវិទ្យាផ្កាយរណប។ និស្សិតជ័យលាភី នឹងត្រូវបញ្ជូនទៅសិក្សានៅសាកលវិទ្យាល័យដៃគូក្នុងប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។
អាហារូបករណ៍នេះ ផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន ការរ៉ាប់រងថ្លៃសិក្សា១០០ ភាគរយ ថ្លៃសំបុត្រយន្តហោះទៅ-មក ប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងសុខភាព និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា នៅក្រសួង ឬក្រុមហ៊ុនបច្ចេកវិទ្យានានា។

សម្រាប់លក្ខខណ្ឌ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រពាក់ព័ន្ធ ដូចជា មេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ ឬវិស្វកម្មសូហ្វវែរ និងមានពិន្ទុ IELTS ចាប់ពី ៥.៥ ឡើងទៅ ព្រមទាំងបំពេញឯកសារចាំបាច់ និងមានសុខភាពល្អ។

ការទទួលពាក្យនឹងបើករហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈគេហទំព័រ ឬ QR Code ដែលបានបញ្ជាក់។ ការប្រឡងប្រជែងនឹងធ្វើឡើងនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តាមប្រព័ន្ធកុំព្យូទ័រ ដោយផ្តោតលើគណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។
អាហារូបករណ៍នេះ ត្រូវបានចាត់ទុកជាឱកាសដ៏កម្រសម្រាប់យុវជនខ្មែរ ក្នុងការឈានចូលវិស័យផ្កាយរណប និងលំហអាកាស ដែលជាវិស័យអនាគតកំពុងរីកចម្រើនលើពិភពលោក។ អ្នកមានសមត្ថភាព និងចំណង់ចំណូលចិត្ត មិនគួររំលងឱកាសមាសនេះឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្ត្រីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអីមែល gs@cadt.edu.kh នៅរៀងរាល់ម៉ោងធ្វើការ៕