អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់ថា រដ្ឋាភិបាលសម្រេចចិត្តទៅតាមច្បាប់ក្នុងការរារាំងក្រុមហ៊ុន Meta មិនឱ្យទិញក្រុមហ៊ុន AI តម្លៃ ២ ពាន់លានដុល្លារ
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានចេញមុខថ្លែងការពារការសម្រេចចិត្តរបស់រដ្ឋធានីប៉េកាំង ក្នុងការរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក មេតា (Meta) មិនឱ្យទិញយកក្រុមហ៊ុនម៉ានូស (Manus) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ខ្នាតតូច ក្នុងតម្លៃ ២ ពាន់លានដុល្លារ។ លោកសង្កត់ធ្ងន់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលចិនពិនិត្យលើការវិនិយោគបរទេស និងធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ទៅតាមច្បាប់ និងបទបញ្ជាជាធរមាន ។
កាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់របស់ចិន បានហាមឃាត់ការវិនិយោគបរទេសនៅក្នុងក្រុមហ៊ុន Manus និងបានតម្រូវឱ្យភាគីពាក់ព័ន្ធដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញលក់នេះ។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Meta របស់លោក Mark Zuckerberg បានឆ្លើយតបថា ការទិញយកនេះ គឺធ្វើឡើងស្របតាមច្បាប់ទាំងស្រុង និងបានស្នើឱ្យមានការដោះស្រាយដោយសមស្រប ។
គួររម្លឹកថា កាលពីខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន Manus បានបិទការិយាល័យនៅចិន ហើយប្ដូរទីតាំងទៅសិង្ហបុរីវិញ ដែលយុទ្ធសាស្ត្រនេះ ត្រូវគេឱ្យឈ្មោះថា "ស៊ីងហ្គាពួរ វ៉សស៊ីង" (Singapore-washing) ដើម្បីជៀសវាងការហាមឃាត់របស់អាម៉េរិកលើក្រុមហ៊ុន AI ចិន និងជៀសវាងការរឹតត្បិតរបស់ចិនលើការបញ្ជូនទិន្នន័យ និងធនធានមនុស្សទៅក្រៅប្រទេស ។
ក្រៅពីបញ្ហានេះ អ្នកនាំពាក្យចិនក៏បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរគោលនយោបាយការពារជាតិរបស់ជប៉ុន ក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអិ តាកាអ៊ិឈិ (Sanae Takaichi)។ ចិនមើលឃើញថា ការកើនឡើងនូវកញ្ចប់ថវិកាយោធា និងការកែប្រែយុទ្ធសាស្ត្រសន្តិសុខរបស់ជប៉ុន គឺជាសញ្ញានៃការរស់ឡើងវិញនៃសព្វាវុធនិយម ដែលអាចបង្កហានិភ័យដល់ស្ថិរភាពនៅក្នុងតំបន់អាស៊ីទាំងមូល ។
បន្ថែមលើនេះ ចិនក៏បានរិះគន់ខ្លាំងៗចំពោះសមាជិកសភាជប៉ុន ១៦៦ រូប ដែលបានទៅគោរពវិញ្ញាណក្ខន្ធនៅវិហារ យ៉ាស៊ូគូនី (Yasukuni) ដែលចិនចាត់ទុកថាជាជានិមិត្តរូបនៃសង្គ្រាមឈ្លានពាន និងជាកន្លែងតម្កល់សពអ្នកទោសសង្គ្រាម ខណៈទំនាក់ទំនងចិន-ជប៉ុន នៅតែមានភាពរកាំរកូសខ្លាំង បន្ទាប់ពីលោកស្រី Takaichi ធ្លាប់លើកឡើងថា ជប៉ុនអាចនឹងប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីជួយតៃវ៉ាន់ បើសិនជាមានវិបត្តិណាមួយកើតឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video/ Getty Image/ (REUTERS/Gonzalo Fuentes/File Photo)