សង្គម

សភាពាណិជ្ជកម្មកម្ពុជា ចុះបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីច្បាប់ស្តីពីភូតគាមអនាម័យ បែបបទ និងនីតិវិធី ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តសៀមរាប

image


សៀមរាប៖ សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៩ ខែមេសានេះ បានរៀបចំសិក្ខាស្តីពី « អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីច្បាប់ស្តីពីភូតគាមអនាម័យ បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដល់សមាជិកសមាជិកា ដែលជាម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តសៀមរាប សរុបជាង ១០០នាក់។

សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ, ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីបើក លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ និងជួយពង្រឹងសមត្ថភាពដល់ម្ចាស់អាជីវកម្ម និងសហគ្រិនកម្ពុជាអំពីអនុលោមភាពភូតគាមអនាម័យ ដើម្បីធានាបាននូវសុវត្ថិភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិ និងបញ្ជៀសរាល់របាំងបច្ចេកទេសពាណិជ្ជកម្មនានា។

លោកអភិបាលរងខេត្ត លើកឡើងបន្ថែមថា សិក្ខាសាលានេះ ក៏នឹងជួយតម្រង់ទិសម្ចាស់អាជីវកម្ម និងសហគ្រិន ឱ្យយល់ច្បាស់ពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមទំនិញ (C/O) និងវិធានដើមកំណើតទំនិញ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុគ្រោះពន្ធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេង។
លោកអភិបាលរង បានបន្ថែមថា ក្នុងបរិបទនៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ការនាំចេញផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត មិនមែនត្រឹមជាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបំពេញនូវ «លក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានគតិយុត្ត» ដែលកំណត់ដោយប្រទេសអ្នកទិញ។

ថ្លែងក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានលើកឡើងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដើម្បីឱ្យមានការយល់ដឹងបន្ថែមពីស្តង់ដារអន្តរជាតិ និងនីតិវិធីច្បាប់ និងការបញ្ជាក់ប្រភពដើម ឫការអនុលោមទៅតាមលក្ខណ្ឌភូតគាមអនាម័យសម្រាប់ការនាំចេញទៅលើទីផ្សារអន្តរជាតិ។ ក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការជាច្រើន ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញ និងធានាផលិតផលកម្ពុជា អាចបំពេញតាមស្តង់ដារអន្តរជាតិបាន។

ឧកញ៉ាបណ្ឌិត បានបន្ថែមថា សិក្ខាសាលានេះ ជាវេទិកាសំខាន់មួយសម្រាប់ពិភាក្សា និងផ្លាស់ប្តូរយោបល់រវាងអ្នកជំនួញ អ្នកធ្វើគោលនយោបាយ និងអនុវត្តផ្ទាល់។ លើសពីនេះទៅទៀត ការអនុលោមតាមស្តង់ដារភូតគាមអនាម័យ និងការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញយ៉ាងត្រឹមត្រូវ នឹងជួយបង្កើនឱកាសចូលទៅកាន់ទីផ្សារថ្មី។
សិក្ខាសាលានេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងទស្សនវិស័យវែងឆ្ងាយរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ និងបញ្រ្ជាបចំណេះផ្នែកច្បាប់ ដល់ម្ចាស់អាជីវកម្ម ឬសហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអនុលោមភាពត្រឹមត្រូវស្របតាមបទដ្ឋានគតិយុត្តនានា។

សូមជម្រាបជូនផងដែរថា សិក្ខាសាលាខាងលើនេះទទួលបានការសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍជំនាញ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភដោយ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង ខេមបូឌា ម.ក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ កំពង់ផែស្វយ័តភ្នំពេញ៕