សង្គម

អភិបាលខេត្តរតនគិរី ចេញការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពិនិត្យមើលទីតាំងមានជនបរទេសស្នាក់ ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ ( Scam online)

image


រតនគិរី៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលរាល់ទីតាំងរបស់ខ្លួនដែលមានជនបរទេសស្នាក់នៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ (Scam online) ដែលបង្កឱ្យមានភាពអសន្តិសុខដល់ប្រជាពលរដ្ឋ។

ការណែនាំនេះ បានធ្វើឡើងខណៈលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៩ ខែមេសានេះ។

ក្នុងកិច្ចប្រជុំ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក និងណែនាំដល់មន្ត្រីក្រុង ស្រុក ទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិផ្សេងៗ ក៏ដូចជាបទល្មើសការបោកតាមប្រព័ន្ធអនឡាញ ជាពិសេសត្រូវតាមដានមើលរាល់សកម្មភាពនៅទីតាំងរបស់ខ្លួនដែលមានជនបរទេសស្នាក់នៅ។

កិច្ចប្រជុំប្រចាំខែមេសានេះ ក៏បានពិនិត្យមើលលើរបាយការណ៍ស្តីពី ការចាត់តាំងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំត្រីមាសទី១ និងលទ្ធផលការងារ សម្រេចបាន នៅក្នុងខែមេសា ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលិខិតបទដ្ឋាគតិយុត្តិពាក់ព័ន្ធ៕
អត្ថបទ៖ ប៉េស សារី