ក្រោយចូលឆ្នាំ១០ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ៣០នាក់ ខណៈគ្រោះអគ្គិភ័យបំផ្លាញផ្ទះជិត២០ខ្នង
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅជាង ១០ថ្ងៃហើយ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់សង្គម នឹងមិនចប់ទៅតាមឆ្នាំចាស់នោះឡើយ ដោយសារតែការធ្វេសប្រហែស។
ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ក្រោយបញ្ចប់បុណ្យចូលឆ្នាំ រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦ បានកើតឡើងចំនួន ៥៩ករណី បណ្តាលឱ្យមានមនុស្ស ៣៤នាក់ បាត់បង់ជីវិត និង៨៣នាក់ផ្សេងទៀតរងរបួស។ គ្រោះថ្នាក់ទាំងនេះកើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។
ចំណែកគ្រោះអគ្គិភ័យវិញក្នុងពេលដូចគ្នានេះ បានកើតឡើង ៣០ករណី បណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋខូចខាត ១៩ខ្នងនៅរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កោះកុង ឧត្តរមានជ័យ ក្រចេះកំពង់ចាម និងខេត្តស្វាយរៀង។
ការខូចខាតផ្សេងទៀត រួមមាន រថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង កុដិ១ សាលាឆាន់១ រោងស្នាក់នៅ១ រោងកម្មករ៥ខ្នង រោងដាក់ចំបើង៣កន្លែង យានដ្ឋាន១កន្លែង រោងស្តុកប្រេង១កន្លែង រោងស្តុកសម្ភារ១កន្លែង ឃ្លាំង២កន្លែង គំនរក្រដាស១កន្លែង ចំការប្រេងខ្យល់១កន្លែង ព្រៃ៣កន្លែង និងសាលារៀន៣បន្ទប់៕