អភិបាលខេត្តឧត្តរមានជ័យ ស្នើក្រុមអនុព័ន្ធយោធាបរទេស ជួយធ្វើជាសាក្សី និងរកយន្តការជំរុញឱ្យប្រទេសកម្ពុជា-ថៃ ប្រើយន្តការទ្វេភាគី ដោយឈរលើទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា និងក្រុមការងារ បានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា ចំនួន ១៣ប្រទេស ដើម្បើចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តឧត្តរមានជ័យ សូមក្រុមអនុព័ន្ធយោធាបរទេស ប្រចាំប្រទេសកម្ពុជា ជួយធ្វើជាសាក្សី និងរកយន្តការជំរុញឱ្យប្រទេសទាំងពីរ(កម្ពុជា-ថៃ) ប្រើយន្តការទ្វេភាគី ដោយឈរលើទិដ្ឋភាពបច្ចេសទេសច្បាប់ជាតិនិងអន្តរជាតិ ដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ។
លោក បានមានប្រសាសន៍ថា "យើងចង់ឱ្យពិភពលោកឃើញថា កម្ពុជា ពិតជាជ្រើសរើសការចរចាតាមផ្លូវច្បាប់លើទំនាក់ទំនងយន្តការការទូត ជាជាងការប្រើប្រាស់កងកម្លាំងយោធាក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ។”
លោកអភិបាលខេត្ត បានចាត់ទុក ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង ១៣ ប្រទេស ក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួន អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា។ វាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជា គឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែង បញ្ចៀសឱ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ៕
អត្ថបទ៖ សុភ័ស្ស