ការនាំចេញផលិតផលវិស័យកាត់ដេរកម្ពុជា បន្តកើន ប៉ុន្តែក្នុងល្បឿនយឺត ក្រោមសម្ពាធថ្លៃប្រេងឥន្ធនៈកើនឡើង និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក
ភ្នំពេញ៖ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងកាបូប របស់កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៦ បន្តរក្សាកំណើនវិជ្ជមាន ប៉ុន្តែមានល្បឿនយឺត ដោយសារឥទ្ធិពលពីស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា និងសម្ពាធថ្លៃថាមពលកើនឡើង។
យោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុជា បាននាំចេញផលិតផលក្នុងវិស័យនេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៣,៦០ពាន់លានដុល្លារអាម៉េរិក កើនឡើង ៦,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ក្នុងនោះ ការនាំចេញសម្លៀកបំពាក់ មានតម្លៃ ២,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៦,០១% ; ស្បែកជើង មានតម្លៃ ៥១៦លានដុល្លារអាម៉េរិក កើនឡើង ១១,៨២% ; សម្ភារធ្វើដំណើរ និងកាបូប មានតម្លៃ ៥១២លានដុល្លារអាម៉េរិក កើនឡើង ៤,២៥%។
វិស័យវាយនភណ្ឌកាត់ដេរ ត្រូវបានគេចាត់ទុកថា ជាក្បាលម៉ាស៊ីនសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយផលិតផលភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗ ដូចជា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។
ទោះជាយ៉ាងណា កំណើននៅត្រីមាសទី១នេះ ត្រូវបានវាយតម្លៃថា នៅមានល្បឿនយឺត បើប្រៀបធៀបនឹងសក្តានុពលរបស់វិស័យនេះ។ មូលហេតុសំខាន់មកពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ការកើនឡើងថ្លៃថាមពល ភាពតានតឹងភូមិសាស្ត្រនយោបាយ ពិសេសជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
ការកើនឡើងថ្លៃប្រេងឥន្ធនៈ បានបង្កើនថ្លៃដើមផលិត និងដឹកជញ្ជូន ខណៈក៏បង្កើនសម្ពាធអតិផរណា នៅក្នុងទីផ្សារអ្នកប្រើប្រាស់ធំៗ ដូចជា សហរដ្ឋអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូផងដែរ។ ស្ថានភាពនេះ ធ្វើឲ្យអំណាចទិញរបស់អ្នកប្រើប្រាស់ថយចុះ និងនាំឲ្យមានការកាត់បន្ថយការចំណាយលើមុខទំនិញមិនចាំបាច់ រួមទាំងសម្លៀកបំពាក់ និងសម្ភារធ្វើដំណើរ ជាដើម។
បន្ថែមពីនេះ ការកំណត់នយោបាយពន្ធនាំចូលថ្មីជាសកល របស់សហរដ្ឋអាម៉េរិក ក៏ជាបញ្ហាប្រឈមមួយផងដែរ ដែលអាចប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិក។
ដើម្បីរក្សាកំណើនឲ្យមានស្ថេរភាព កម្ពុជា គួរបន្តពង្រឹងសមត្ថភាពប្រកួតប្រជែង ដោយផ្តោតលើការកាត់បន្ថយថ្លៃដើមផលិតកម្ម កែលម្អប្រព័ន្ធឡូជីស្ទីក និងបង្កើនតម្លៃបន្ថែមលើផលិតផល។ ជាមួយគ្នានេះ ការពង្រីកទៅកាន់ទីផ្សារថ្មីៗ ក្រៅពីទីផ្សារប្រពៃណី ក៏មានសារៈសំខាន់ណាស់ដែរ ដើម្បីកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើទីផ្សារដែលមានស្រាប់។
យោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២៥ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងកាបូប របស់កម្ពុជា បានឈានដល់ទំហំទឹកប្រាក់ប្រមាណ ១៥,៥២ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៧% បើធៀបនឹងឆ្នាំ២០២៤៕