សង្គម

ផ្លូវយុទ្ធសាស្ត្រមួយខ្សែ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែឧសភា

image


ត្បូងឃ្មុំ៖ គម្រោងសាងសង់ផ្លូវកៅស៊ូប្រភេទ DBST លេខ៣៧០ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងស្រុកស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែឧសភា ខណៈការសាងសង់បានឈានចូលដល់ដំណាក់កាលចុងក្រោយហើយ។

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានដឹងថា គម្រោងសាងសង់ផ្លូវនេះ សម្រេចបាន ៩៥%ហើយ និងបញ្ចប់ទាំងស្រុងនៅដើមខែឧសភា ឆ្នាំ២០២៦នេះ។ ការបញ្ជាក់នេះ ខណៈដែលលោក បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពអ៊ុតកៅស៊ូស្រទាប់ទី២ ក្នុងភូមិសាស្ត្រឃុំគងជ័យ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ការចុះមកនេះ គឺដើម្បីពិនិត្យដំណើរការសាងសង់ផ្លូវ ដើម្បីធានាឱ្យបាននូវគុណភាពស្តង់ដា ពោល គឺត្រូវតែរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជក់ថា គម្រោងសាងសង់ និងស្ដារឡើងវិញនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូ ២ជាន់ (DBST) ប្រវែងសរុប ៦.៣០០ម៉ែត្រ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក (WB) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ (គម្រោង RCIP) ដោយចំណាយពេលត្រឹមតែ ៦ខែប៉ុណ្ណោះ (ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៥) និងគ្រោងបញ្ចប់នៅ ដើមខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះ ។

ផ្លូវលេខ៣៧០នេះ នឹងក្លាយជាផ្លូវយុទ្ធសាស្ត្រជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋយ៉ាងច្រើន មកពីឃុំចំនួន ៤ រួមមាន ឃុំគងជ័យ ឃុំទួលសុភី ឃុំចក និងឃុំតំរិល។
លោក ជា ណារ៉ុន បន្តថា ក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងផ្ដល់សមិទ្ធផលរូបវ័ន្ត ជូនពលរដ្ឋដល់មូលដ្ឋាន ។

លោក ជា ណារ៉ុន បានអំពាវនាវដល់ក្រុមការងារសាងសង់ សូមយកចិត្តទុកដាក់ខ្ពស់ ដោយគោរពតាមបទដ្ឋានសាងសង់ត្រឹមត្រូវតាមសៀវភៅអនុវត្តគម្រោង ធានាឲ្យបានការប្រើប្រាស់ផ្លូវនេះ បានគង់វង្សយូរអង្វែង។ ទន្ទឹមនេះ សូមឲ្យប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមមេត្តាចូលរួមថែរក្សាផ្លូវនេះ ទាំងអស់គ្នា និងជៀសវាងការដឹកលើសទម្ងន់ ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់បានយូអង្វែងដល់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ សុខ ផន