CBS នឹងតំណាងឱ្យកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យាដ៏សំខាន់របស់អាស៊ី នៅប្រទេសសិង្ហបុរី
ភ្នំពេញ៖ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយនៃក្រុមហ៊ុន Royal Group នឹងបង្ហាញខ្លួននៅលើវេទិកាអាស៊ី ក្នុងព្រឹត្តិការណ៍ Asia Tech x Singapore (ATxSG) ចាប់ពីថ្ងៃទី ២០-២២ ខែឧសភា ឆ្នាំ២០២៦។ លោក David Ulmer នាយកប្រតិបត្តិ CBS នឹងចូលរួមជាមួយមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាអន្តរជាតិ ដើម្បីពិភាក្សានៅលើប្រធានបទ ការវិវឌ្ឍនៃបច្ចេកវិទ្យា AI នៅក្នុងការផ្សព្វផ្សាយ ការរួមបញ្ចូល AI នៅក្នុងមាតិកា និងភាពជាដៃគូឆ្លាតវៃ ដែលកំពុងផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃទូរទស្សន៍ និងការផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។
ការចូលរួមនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញថា កម្ពុជាកំពុងស្ថិតនៅជួរមុខនៃបដិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយ CBS កំពុងនាំយកបច្ចេកវិទ្យាពិភពលោកមកផ្សារភ្ជាប់ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងនាំយកគំនិតថ្មីៗ ដើម្បីធានាថាទស្សនិកជនក្នុងស្រុក ទទួលបានអត្ថប្រយោជន៍ពីការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងការផលិត និងការចែកចាយមាតិកា។
សូមជម្រាបថា Asia Tech x Singapore (ATxSG) គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏លេចធ្លោនៅអាស៊ី ដែលប្រមូលផ្តុំដោយមេដឹកនាំដែលមានឥទ្ធិពលមកពីអាជីវកម្ម បច្ចេកវិទ្យា និងរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការពិភាក្សាដែលជំរុញគំនិតនូវចំណុចប្រសព្វនៃបច្ចេកវិទ្យា សង្គម និងសេដ្ឋកិច្ចឌីជីថល៕