ព័ត៌មានអន្តរជាតិ

ថៃ ប្រើប្រាស់ឥទ្ធិពលអ្នកលក់អនឡាញដើម្បីជំរុញការលក់ទុរេន ក្រោយចិនរឹតត្បិតការនាំចូល បន្ទាប់ពីរកឃើញសារធាតុបង្កមហារីកនៅក្នុងទុរេនថៃ

image


ប្រទេសថៃ៖ ប្រទេសថៃ កំពុងជួបវិបត្តិទុរេនលើសតម្រូវការយ៉ាងខ្លាំង ដោយសារតែប្រទេសចិន ដែលជាទីផ្សារនាំចេញដ៏ធំ កំពុងតែរឹតត្បិតលើការនាំចូលទំនិញ។ ជុំវិញបញ្ហានេះ រដ្ឋាភិបាល និងវិស័យឯកជនក៏បានប្រើប្រាស់ឥទ្ធិពលរបស់អ្នកលក់អនឡាញ ដើម្បីជួយរុញច្រានការលក់ក្នុងស្រុកឱ្យបានលឿនបំផុត។ ស្ថានភាពនេះ កើតឡើងក្រោយពេលដែល រដ្ឋបាលគយចិន បានរាយការណ៍ពីការរកឃើញសារធាតុ BY2 ដែលអង្គការសុខភាពពិភពលោកចាត់ទុកថាជាសារធាតុបង្កមហារីក នៅក្នុងទុរេននាំចេញពីថៃ។ ឥឡូវនេះ ចិនតម្រូវឱ្យរាល់ការដឹកជញ្ជូនទុរេនទាំងអស់ពីថៃ ត្រូវមានរបាយការណ៍បញ្ជាក់ថាគ្មានសារធាតុ BY2 និងសារធាតុកាត់ម្ញ៉ូម (cadmium)។ ច្បាប់នេះបានចាប់ផ្ដើមអនុវត្តតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មកម្ល៉េះ។ កាលពីថ្មីៗនេះដែរ ទូកុងតឺន័រជាង ១០០ ទូដែលផ្ទុកទុរេននាំចេញពីថៃ ត្រូវបានចិនបដិសេធមិនទទួល ព្រោះតែខ្វះលទ្ធផលតេស្តរកសារធាតុល័ក្ខពណ៌បង្កមហារីកប្រភេទ “Basic Yellow 2” ឬ BY2 ។

ជាដំណោះស្រាយបណ្ដោះអាសន្ន កំពូលអ្នកលក់អនឡាញម្នាក់ឈ្មោះ ភីមរីភី (Pimrypie) បានចុះទៅទិញទុរេនដោយផ្ទាល់ពីចម្ការក្នុងខេត្តចន្ទបុរី រួចយកមកឡាយលក់ក្នុងតម្លៃដែលខាតដើមខ្លាំង ដោយប្រភេទទុរេនម៉ុនថង ត្រូវប្រកាសលក់ក្នុងតម្លៃត្រឹមតែ ១០០ បាត (ប្រហែល ២,៧០ ដុល្លារ) ប៉ុណ្ណោះក្នុងមួយផ្លែ ដែលជាតម្លៃទាបជាងទីផ្សារឆ្ងាយណាស់។ ចំណែកទុរេនខ្នាតធំ ត្រូវប្រកាសលក់ក្នុងតម្លៃ ៤៨០ បាត ដែលជាធម្មតា ទុរេនប្រភេទនេះ មានតម្លៃចន្លោះពី ៧០០ ទៅ ៨០០ បាត។ យុទ្ធនាការនេះមិនត្រឹមតែជួយបញ្ចេញទំនិញដែលកកស្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាស់តឿនឱ្យប្រជាជនថៃចូលរួមគាំទ្រផលិតផលជាតិ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសនេះ ។

យុទ្ធសាស្ត្រលក់តាមរយៈវីដេអូអនឡាញ កំពុងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលមានអ្នកលក់អនឡាញប្រហែល ៨៥០,០០០ នាក់។ សូម្បីតែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក៏បានចាប់ផ្ដើមចុះមកឡាយវីដេអូជាមួយអ្នកលក់អនឡាញបរទេស ដើម្បីទាក់ទាញការបញ្ជាទិញពីក្រៅប្រទេស ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មមួយបែបទៀត ។

បញ្ហាប្រឈមដ៏ធំរបស់ថៃនៅពេលនេះ គឺការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសជិតខាងក្នុងតំបន់អាស៊ាន ដូចជាវៀតណាម និងម៉ាឡេស៊ី ដែលកំពុងដណ្ដើមចំណែកទីផ្សារក្នុងប្រទេសចិន។ ការពឹងផ្អែកខ្លាំងពេកលើការនាំចេញ បានធ្វើឱ្យកសិករថៃងាយរងគ្រោះនៅពេលដែលតម្រូវការក្រៅប្រទេសមានការប្រែប្រួល ឬមានការរឹតត្បិតផ្នែកសុវត្ថិភាពចំណីអាហារ និងបទបញ្ញត្តិផ្សេងៗ ។

ការងាកមកប្រើប្រាស់កម្លាំងឥទ្ធិពលរបស់អ្នកលក់អនឡាញ គឺជាដំណោះស្រាយបណ្ដោះអាសន្ន ដើម្បីសង្គ្រោះវិស័យកសិកម្មក្នុងគ្រាដ៏លំបាកនេះ។ ទោះជាយ៉ាងណាក្ដី ថៃចាំបាច់ត្រូវពង្រឹងគុណភាព និងស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីធានាថាផ្លែឈើរបស់ខ្លួន នៅតែអាចរក្សាវត្តមាននៅលើឆាកអន្តរជាតិបានយូរអង្វែង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Straits Times| រូបភាព៖ Sources from Khaosod English/ (PIMRYPIE/FACEBOOK)/ South China Morning Post