ព័ត៌មានអន្តរជាតិ

សមាជិក ៥នាក់ក្នុងគ្រួសារតែមួយ ត្រូវផ្ដាច់ជីវិតក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល លើទីក្រុង Jebchit ភាគខាងត្បូងប្រទេសលីបង់

image


លីបង់៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល បានផ្ដាច់ជីវិតក្រុមគ្រួសារមួយដែលមានសមាជិកចំនួន ៥នាក់ រួមមានប្តីប្រពន្ធវ័យចំណាស់ ស្ត្រីជាម្តាយ និងកុមារពីរនាក់ នៅក្នុងទីក្រុងជែបឈីត (Jebchit) ភាគខាងត្បូងប្រទេសលីបង់ កាលពីយប់ថ្ងៃទី ២៨ ខែមេសា។ ហេតុការណ៍នេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋក្នុងតំបន់ ខណៈគំនរបាក់បែកបានបន្សល់ទុកនូវសៀវភៅសិក្សា និងប្រដាប់ក្មេងលេងដែលជាទិដ្ឋភាពដ៏ខ្លោចផ្សាបំផុត ។

អភិបាលក្រុង បានរិះគន់យ៉ាងខ្លាំងលើសកម្មភាពនេះ ដោយហៅថាជាអំពើព្រៃផ្សៃ ព្រោះការវាយប្រហារបានកើតឡើងចំពេលដែលពលរដ្ឋទើបតែធ្វើដំណើរត្រឡប់មកផ្ទះវិញ ក្រោយការប្រកាសបទឈប់បាញ់។ អ្វីដែលកាន់តែអាក្រក់នោះ គឺការវាយប្រហារបានកើតឡើងដោយគ្មានការព្រមានទុកជាមុនឡើយ និងស្ថិតក្នុងតំបន់ដែលអ៊ីស្រាអ៊ែលធ្លាប់កំណត់ថាជាទីកន្លែងមានសុវត្ថិភាពសម្រាប់ជនស៊ីវិល ។

ជុំវិញសកម្មភាពនេះ ភាគីអ៊ីស្រាអ៊ែល អះអាងថា សកម្មភាពយោធារបស់ខ្លួនគឺសំដៅទៅលើទីតាំងយុទ្ធសាស្ត្ររបស់ក្រុមហេសបូឡាហ៍ (Hezbollah) តែប៉ុណ្ណោះ។ ក្នុងនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានបញ្ជាឱ្យបង្កើនការវាយប្រហារ បន្ទាប់ពីចោទប្រកាន់ថាមានការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្របសម្រួលដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពាក់កណ្តាលខែមេសា ។

ស្ថានភាពនៅភាគខាងត្បូងលីបង់ នៅតែបន្តស្ថិតនៅក្នុងភាពផុយស្រួយបំផុត បើទោះបីជាមានការប៉ុនប៉ងបង្កើតបទឈប់បាញ់ពីសំណាក់សហរដ្ឋអាម៉េរិកក៏ដោយ។ ផែនការរបស់អ៊ីស្រាអ៊ែលក្នុងការបង្កើតតំបន់សុវត្ថិភាព ដែលអាចលេបត្របាក់ទឹកដីលីបង់ដល់ទៅ ១០% កំពុងបង្កជាក្តីបារម្ភកាន់តែខ្លាំងពីការកើនឡើងនៃជម្លោះ និងការបន្តបាត់បង់ជីវិតជនស៊ីវិលស្លូតត្រង់ជាបន្តបន្ទាប់ទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖​ Screenshot from VIORY's video.