ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា៖ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

image

សៀមរាប៖ កម្ពុជា និងចិន បានប្រារព្ធព្រឹត្តិការណ៍​«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ដែលជាការសម្តែងរួមគ្នារវាងព្រះសង្ឃវត្តសៅលីញ និងអត្តលិកនៃសហព័ន្ធកីឡាល្បុក្កតោ នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។


លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ថ្លែងក្នុងព្រឹត្តិការណ៍នេះ បានលើកឡើងថា «មហោស្រពក្បាច់ គុនចម្រុះ កម្ពុជា-ចិន» ដែលអមដោយការបង្ហាញវប្បធម៌ចម្រុះ កម្ពុជា-ចិន នាពេលនេះ ដើម្បីចូលរួមអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន និងបានប្រព្រឹត្តទៅក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹង ពង្រីក ពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។


លោក ហួត ហាក់ បានរម្លឹកថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោកបានដឹកនាំក្រុមកីឡាគុនល្បុក្កតោ ទៅសម្ដែងរួមគ្នាជាមួយព្រះសង្ឃសៅលីង នៅមុខអារាមសៅលីងដ៏ល្បីល្បាញក្នុងក្រុងតឹងហ្វីង ខេត្តហឺណាន ប្រទេសចិន ហើយថ្ងៃនេះ ព្រះសង្ឃសៅលីង បាននាំក្បាច់គុនថាយជី និងកុងហ្វូ មកជួបជាមួយគុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ នៅកម្ពុជាវិញម្ដង។ ការណ៍នេះ អាចហៅម្យ៉ាងទៀតថា «និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង វិលវិញជួបគ្នានៅមុខអង្គរ»។


សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៥ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជាដែលបានបន្ថែមសន្ទុះថ្មី ដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុង យុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យ ទេសចរណ៍ ជាវិស័យអាទិភាព និងជា «មាសបៃតង» រួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, បង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងនោះនៅឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥,៦លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិន មានចំនួន ប្រមាណជាង ១,២លាននាក់កើនឡើង ជិត៤២% ស្ថិតនៅក្នុងលំដាប់លេខ២ នៃភ្ញៀវទេសចរអន្តរជាតិ មកកាន់ប្រទេសកម្ពុជា។


ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៦ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង ១លាននាក់ ក្នុងនោះ មានទេសចរចិន ប្រមាណជាង ២៤ម៉ឺននាក់ ឈរក្នុងលំដាប់ទី១។ យោងលើស្ថិតិខាងលើ វិស័យទេសចរណ៍កម្ពុជា នៅតែបង្ហាញភាពធន់នឹងវិបត្តិ (Resilient) ដោយសារស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ ទាំងរដ្ឋ និងវិស័យឯកជន រួមគ្នាដាក់ចេញវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្ដែង បានទាន់ពេលវេលា ពិសេសការបន្តដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅ “រដូវកាលបៃតង (Green Season)» និងការដាក់ចេញនូវយុទ្ធនាការ «រដូវកាលសាមគ្គីភាព» ជាដើម ដែលធ្វើឱ្យយើងនៅ តែអាចសម្រេចបានតាមផែនការ និងស្របតាមការព្យាករណ៍ឡើងវិញដែលបានគ្រោងទុក។


បើតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ទាំងនេះបានបង្ហាញថា ជាការពិតមិនអាចប្រកែកបាន អនាគតនៃវិស័យទេសចរណ៍ កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ ហើយកម្ពុជាក៏បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួល បរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិន របស់មិត្តចិននៅកម្ពុជា៕


អត្ថបទ៖ ជា ស្រស់