សង្គម

សម្តេចតេជោ ហ៊ុន សែន ទទួលជួប លោក ផាម វ៉ាន់ចា អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ដែលធ្លាប់បានរួមចំណែក ក្នុងបេសកកម្មជួយកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

image


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក ផាម វ៉ាន់ចា (Pham Van Tra) អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

យោងតាម លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយជាខ្លាំងដែលបានជួបជាមួយលោក ផាម វ៉ាន់ចា (Pham Van Tra) ដោយសម្ដេចតេជោ បានចាត់ទុកលោកជាមិត្ដចាស់របស់កម្ពុជា ដែលធ្លាប់បានរួមចំណែក ក្នុងបេសកកម្មជួយកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាកន្លងមក។
ក្នុងជំនួបលោក ផាម វ៉ាន់ចា (Pham Van Tra) បានបង្ហាញក្ដីរីករាយក្រៃលែងនៅពេលដែលលោកបានជួបជាមួយសម្ដេចតេជោ សាជាថ្មី ដែលខកខានជួបគ្នាអស់រយ:ពេល១០ឆ្នាំមកហើយ ដែលបានបង្ហាញពីមិត្ដភាពដ៏យូរអង្វែងរវាងលោកផ្ទាល់ និងសម្ដេចតេជោ និងបញ្ជាក់ពីមិត្ដភាពរវាងកម្ពុជា និងវៀតណាម។

លោក ផាម វ៉ាន់ចា បានលើកឡើងថា ដំណើរមកកម្ពុជានាពេលនេះមានគោលបំណងសំខាន់ចំនួន២ ដែលទី១គឺមកចង់ជួបសួរសុខទុក្ខសម្ដេចតេជោ ដែលជាមិត្ដចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមក និងទី២ គឺលោក ចង់មកទីតាំងមួយចំនួនដែលធ្លាប់សហការជាមួយ និងកម្ពុជាក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

ក្នុងពេលជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និង លោក ផាម វ៉ាន់ចា (Pham Van Tra) បានបង្ហាញកាយវិការប្រកបដោយភាពស្និតស្នាល និងនឹករលឹកគ្នាដោយក្រោយបញ្ចប់ជំនួប សម្ដេចតេជោ និងលោក ផាម វ៉ាន់ចា បានទទួលទានអាហារថ្ងៃត្រង់រួមគ្នាប្រកបដោយក្ដីរីករាយ៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម