ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព និងពិធីប្រគល់ធុងសំរាមជូនដល់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត។
លោកសាស្រ្តចារ្យរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចគោលដៅ នៃការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។ គោលដៅនេះមិនអាចសម្រេចបានទេ ប្រសិនបើមានការមើលរំលងក្របខ័ណ្ឌសុខភាពតែមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ដោះស្រាយ និងលើកស្ទួយព្រមគ្នានូវសុខភាពមនុស្ស សត្វ និងបរិស្ថាន ដែលមានទំនាក់ទំនងគ្នាយ៉ាងប្រទាក់ក្រឡា។ ប្រសិនបើបរិស្ថានត្រូវបានបំពុល ឬធ្វើឱ្យអន់ ថយគុណភាពនោះ ជីវិតមនុស្ស សត្វនឹងមិនទទួលបាននូវសុខភាពល្អ និងរស់នៅប្រកបដោយសុខដុមរមនាឡើយ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ប្លាស្ទិក ដែលមិនបម្រើវិស័យវេជ្ជសាស្ត្រ កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងពេញនិយម នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ បរិស្ថាន ដែលត្រូវបានបំពុលដោយប្លាស្ទិក គឺពិតជាពិបាកក្នុងការសម្អាតណាស់។ ប្លាស្ទិកធន់នឹងបរិយាកាសបានយូរ និងអាចជ្រាបចូលក្នុងបរិស្ថានជុំវិញបានយ៉ាងងាយ ដែលជាកត្តាហានិភ័យប្រកបដោយគ្រោះថ្នាក់ ចំពោះសុខភាពមនុស្ស សត្វ និងបរិស្ថាន។ ហានិភ័យសុខភាពមាននៅគ្រប់ដំណាក់កាល នៃវដ្តជីវិតប្លាស្ទិក ចាប់ពីការផលិត និងការប្រើប្រាស់រហូតដល់ការកែច្នៃ និងការបោះចោល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ដោយមើលឃើញពីគ្រោះថ្នាក់លើបរិស្ថាន និងសុខភាព ក្រសួងសុខាភិបាល និងក្រសួងបរិស្ថានបានប្តេជ្ញាចិត្តរួមគ្នា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបន្តខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់លើបរិស្ថាន និងសុខភាពនៃការប្រើប្រាស់ផលិតផលប្លាស្ទិក ពិសេសប្លាស្ទិកដែលមិនពាក់ព័ន្ធនឹងសេវាវេជ្ជសាស្ត្រ ដល់ប្រជាជន ដែលមកទទួលសេវាសុខភាព និងបងប្អូនដែលជាអ្នកកំដរអ្នកជំងឺក្នុងមន្ទីរពេទ្យ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់នេះ គឺជាត្រីវិស័យសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេសរួមទាំងផ្នែកឯកជននឹងចូលរួមកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមិនមែនវេជ្ជសាស្ត្រជាអតិបរមា ដើម្បីចូលរួមចំណែកការពារបរិស្ថានរបស់យើង។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ដើម្បីការពារបរិស្ថានប្រទេសកម្ពុជា ឱ្យក្លាយជាបរិស្ថានបៃតងដ៏ស្រស់ស្អាត គ្មានការបំពុល ក៏ដូចជាចូលរួមចំណែកក្នុងការការពារសុខភាព និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគតដ៏យូរអង្វែង។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព (គ.ជ.ប.ស) ដើម្បីជាយន្តការអន្តរវិស័យក្នុងការសម្របសម្រួលការអនុវត្តការងារ ផ្តោតលើគោលនយោបាយជាតិ ស្តីពីបរិស្ថាន និងសុខភាព។ ក្រសួងសុខាភិបាល បាននិងកំពុងបណ្តុះបណ្តាលដល់មន្ត្រីថែទាំសុខភាពបឋម និងលើកកម្ពស់ការផ្សេព្វផ្សាយឱ្យមានការយល់ដឹងទូលំទូលាយដល់សាធារណជន ពីផលប៉ះពាល់សុខភាពបណ្តាលមកពីកត្តាហានិភ័យបរិស្ថាន ការបំពុលខ្យល់ លោហៈធ្ងន់ ការប្រែប្រួលអាកាសធាតុ ។ល។ និងកំពុងដំណើរការ សិក្សាស្រាវជ្រាវពីផលប៉ះពាល់សុខភាពកុមារពីលោហៈធ្ងន់ ស្ថិតនៅរយៈពេលយូរក្នុងបរិស្ថាន និងស្តុកទុកយូរក្នុងរាងកាយ៕
អត្ថបទ៖ សន ពិសិដ្ឋ