ជនជាតិថៃជាង ៦០០នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួន និងបញ្ជូនទៅប្រទេសកំណើតវិញ ក្រោយរកឃើញពួកគេ ឆ្លងដែនមកស្នាក់នៅ និងពាក់ព័ន្ធនឹងបទល្មើស Online Scame
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិថៃជាង ៦០០នាក់ និងត្រូវបាននគរបាលកម្ពុជា បញ្ជូនទៅប្រទេសកំណើតវិញ ក្រោយរកឃើញពួកគេ ឆ្លងដែនមកស្នាក់នៅ និងពាក់ព័ន្ធនឹងបទល្មើស Online Scame នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនជាតិថៃប្រុសស្រីទាំងជាង ៦០០នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ មានទាំងនគរបាល អាវុធហត្ថ និងយោធា ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយ មានជ័យ និងរកឃើញជនបរទេស ជាច្រើននាក់។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងបំពេញបែបបទ និងឯកសារពាក់ព័ន្ធ តាមនីតិវិធីបណ្តេញចេញជនជាតិថៃជាបន្តបន្ទាប់ ដោយខ្លះត្រូវបានរៀបចំរួចរាល់ និងខ្លះទៀតត្រូវដឹកទៅកាន់ច្រកទ្វារតាមក្រោយទៀត។ សម្រាប់ជនជាតិចិន និងជនជាតិដ៌ទៃទៀត កំពុងសួរនាំបន្តតាមនីតិវិធី៕
ដោយ៖ ប៊ុន សំណាង