ACU ពិនិត្យ សម្រេចលើពាក្យប្ដឹងចំនួន ៤៣ និងបញ្ជូនបានសំណុំរឿង ២ករណី ទៅសាលាដំបូងរាជធានី ដោយមានជនសង្ស័យ៦រូប នៅក្នុងខែមេសា
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៣ពាក្យប្ដឹង និងបញ្ជូនសំណុំរឿងចំនួន ២ករណី ដោយមានជនសង្ស័យ ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៩ អាណត្តិ ទី៤ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព. ) ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៨ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។
របាយការណ៍បានឱ្យដឹងទៀតថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មន្ដ្រីចំនួន ២០៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះការប្រកាសតាមរបប ២ឆ្នាំ មានចំនួន ២រូប, មន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១រូប, មន្រ្តីចំនួន ៥រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែងដោយឡែកមន្ដ្រីចំនួន ១២១រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព. ) បានវាយតម្លៃខ្ពស់ដល់ស្មារតីរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា នៅក្នុងវេទិការប្រជុំក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយនេះដែរ លោក យន់ ស៊ីណាត អនុប្រធាន អ.ប.ព. ក្នុងនាមប្រតិភូ បានចូលរួមផ្តល់បទអន្តរាគមន៍ក្នុងកិច្ចពិភាក្សា អំពីការងារគន្លឹះមួយ ដែលមានសារសំខាន់ក្នុងការប្រឆាំងអំពើពុករលួយ គឺ “ការលើកទឹកចិត្តឱ្យមានការរាយការណ៍ និងការពារបុគ្គលរាយការណ៍”។
លោកបានគូសបញ្ជាក់ថា អ.ប.ព. អាចបោះបង់សំណុំរឿង ឬរកមធ្យោបាយផ្សេង បើមិនអាចការពារសាក្សី ឬបុគ្គលរាយការណ៍បាន។ លោកក៏បានចែករំលែកបន្ថែមអំពីយន្តការទទួលពាក្យប្តឹងរបស់ អ.ប.ព. ដែលបើកទូលាយ ទាំងការដាក់ពាក្យប្តឹងដោយផ្ទាល់ តាមប្រព័ន្ធឌីជីថល ទាំងអនាមិក និងមិនអនាមិក តាមប្រៃសណីយ៍ ប្រអប់សំបុត្រតាមទីសាធារណៈ បណ្តាញសង្គមជាដើម ហើយពាក្យប្តឹងនឹងត្រូវពិនិត្យជាមួយម្ចាស់បណ្តឹងនៅព្រឹកនៃថ្ងៃបន្ទាប់៕