ក្រុមហ៊ុនធំៗ បានចុះកិច្ចសន្យាបោះទុន ១លាន ៣សែនដុល្លារ ទិញកសិផលពីកសិករខេត្តត្បូងឃ្មុំ ដើម្បីធានាស្ថិរភាពតម្លៃ និងទីផ្សារ
ត្បូងឃ្មុំ៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម រវាងសហគមន៍កសិករខេត្តត្បូងឃ្មុំ និងក្រុមហ៊ុនឯកជនធំៗ បានធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានលោក រស់ សុដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ ។
កិច្ចសន្យានេះ ផ្តោតលើការទិញ-លក់ជ័រកៅស៊ូទឹក ជ័រកៅស៊ូបង្កក ម្រេច ពោតក្រហម និងស្រូវ រវាងក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រុមហ៊ុន FUCHS កម្ពុជា ឯ.ក និងសហគមន៍កសិកម្មខេត្តត្បូងឃ្មុំ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានថ្លែងថា ការរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម រវាងសហគមន៍កសិករ និងក្រុមហ៊ុនឯកជនធំៗ នាពេលនេះ គឺដើម្បីធានាទីផ្សារ និងតម្លៃជូនកសិករ ក្នុងខេត្តត្បូងឃ្មុំ។ ការចុះកិច្ចសន្យានាពេលនេះ សរុប ១០កិច្ចសន្យា រួមមាន ជ័រកៅស៊ូ ចំនួន ៧កិច្ចសន្យា (បរិមាណ ១.០៦០ តោន), ម្រេចខ្មៅសុវត្ថិភាព ចំនួន ១កិច្ចសន្យា (បរិមាណ ១០០ តោន), ស្រូវសែនក្រអូប ចំនួន ១កិច្ចសន្យា (បរិមាណ ២៦,៥០ តោន), ពោតក្រហម ចំនួន ១កិច្ចសន្យា (បរិមាណ ១៥០ តោន) ដែលមានតម្លៃទឹកប្រាក់សរុប ប្រមាណ ១.៣០០.០០០ ដុល្លារអាមេរិក ។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា កិច្ចសន្យានេះ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជួយកសិករឱ្យចាកចេញពីការលក់ដូរតាមរយៈឈ្មួញកណ្តាល ដែលគ្មានស្ថិរភាពតម្លៃ ហើយតាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុនធំៗ មានដូចជា ក្រុមហ៊ុនចំការកៅស៊ូមេមត់ និងក្រុមហ៊ុនហ្វុកហ៍ កម្ពុជា ឯ.ក បានប្តេជ្ញាទិញកសិផលក្នុងតម្លៃខ្ពស់ជាងទីផ្សារ និងផ្តល់ប្រាក់លើកទឹកចិត្តដល់សហគមន៍ថែមទៀតផង ។
លោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការចុះកិច្ចសន្យានេះ គឺជា "ស្ពាន" ដ៏សំខាន់ដែលជួយឱ្យកសិករមានភាពកក់ក្តៅ លែងព្រួយបារម្ភរឿងខ្វះទីផ្សារ ឬការទម្លាក់តម្លៃពីឈ្មួញកណ្តាល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ។
លោកអភិបាលរងខេត្តបន្តថា សកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ តាមរយៈផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើអាទិភាពទី៥ និងទី៦ ដែលផ្តោតលើការការពារផលប្រយោជន៍កសិករ តាមរយៈយន្តការសម្របសម្រួលតម្លៃកសិផល ។
លោក គន់ រ័ត្នមុនី បន្ថែមថា ការចុះហត្ថលេខានាពេលនេះ ធ្វើឡើងរវាងសហគមន៍កសិកម្ម ជាមួយបណ្តាក្រុមហ៊ុនប្រមូលទិញ គឺដើម្បីបង្កើតទំនុកចិត្តទ្វេភាគី ក្នុងនោះក្រុមហ៊ុនទទួលបានផលិតផលមានគុណភាពតាមស្តង់ដារ ចំណែកកសិករក៏ទទួលបានតម្លៃលក់មួយដែលសមរម្យ និងមានស្ថិរភាព។ ដែលនេះ គឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការធ្វើកសិកម្មតាមបែបទំនើប និងមានកិច្ចសន្យាច្បាស់លាស់ ។
ថ្លែងក្នុងឱកាសនោះដែរ លោក រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា ការចុះកិច្ចសន្យានាពេលនេះ គឺជាជំហានរីកចម្រើនថ្មីមួយទៀត នៃវិស័យកសិ-ឧស្សាហកម្ម ក្នុងខេត្តត្បូងឃ្មុំ ដែលជួយឱ្យកសិករលែងព្រួយបារម្ភរឿងគ្មានអ្នកទិញ ឬតម្លៃធ្លាក់ចុះខ្លាំងនៅពេលប្រមូលផល ហើយផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជាយន្តការ "ឈ្នះ-ឈ្នះ" ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងជំរុញយ៉ាងសកម្ម ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ និងលើកកម្ពស់ជីវភាពកសិករ ។
លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរ (កសិករ និងក្រុមហ៊ុន) ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងបរិមាណដែលបានព្រមព្រៀង។ ទន្ទឹមនេះដែរ យន្តការដោះស្រាយដោយសន្តិវិធី ត្រូវប្រើប្រាស់ក្នុងការពិភាក្សា និងការយោគយល់គ្នា នៅពេលមានបញ្ហាប្រឈម ឬការប្រែប្រួលទីផ្សារកើតឡើង ៕
អត្ថបទ៖ សុខ ផន