ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

---------
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា”តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និយោជិតកំពង់ផែ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបមានចំនួនជាង ១,៣៤ លានTEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុបប្រមាណជាង ១៥៥,៣៦លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤”។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថាន”ចំនួននាវា ឆ្លងកាត់កំពង់ផែមានចំនួន ១៧៧៥គ្រឿង កើនឡើង ១៣,៣៥% ប៉ុន្តែចំណុះផ្ទុកនាវាមាន រហូតដល់ ២៦,១២លានតោន កើនឡើង ២៩,២៧% និងបរិមាណទំនិញឆ្លងកាត់មានចំនួន ១២,៣២លានតោន កើនឡើង ២៥,៧៨%។ ដោយឡែក បើគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ជាមួយគ្នានេះ កំពង់ផែក៏បានគិតគូរអំពីវិធានការ ដោះស្រាយបន្ទាន់ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ២០២៦ ក្នុង ពេលដែលសមត្ថភាពផែនៅមានកម្រិតផងដែរ”។ នេះជាការថ្លែងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)ក្រោមអធិបតីភាពសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦នេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា "ជានិច្ចកាល ប្រទេសជប៉ុនបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ពិសេស គឺការផ្តល់ហិរញ្ញប្បទានសម្រាប់ការកសាង ធនធានមនុស្ស សមត្ថភាពស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងផ្នែករឹង និងផ្នែកទន់"។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា "បើគិតនៅក្នុងក្របខណ្ឌ នៃការអភិវឌ្ឍកំពង់ផែវិញ នៅក្នុងរយៈពេល ៣០ឆ្នាំមកនេះ ប្រទេស ជប៉ុនបានជួយដល់ការអភិវឌ្ឍសាងសង់ និងលើកកម្ពស់សមត្ថភាពប្រតិបត្តិការរបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលបានធ្វើឱ្យកំពង់ផែរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់"៕