ព័ត៌មានអន្តរជាតិ

ចិន យល់ព្រមជួយសម្រួលការផ្គត់ផ្គង់ប្រេងយន្តហោះសម្រាប់អាជីវកម្មអូស្ត្រាលី អំឡុងជំនួបរដ្ឋមន្ត្រីការបរទេសនៅរដ្ឋធានីប៉េកាំង

image


អូស្ត្រាលី-ចិន៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ភែននី វុង (Penny Wong) បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ ដើម្បីជួបពិភាក្សាជាមួយលោក វ៉ាងយី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខថាមពល និងស្ថិរភាពតំបន់។ ជំនួបនេះ ផ្តោតសំខាន់ទៅលើការពង្រឹងចំណងទាក់ទងសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមរួមដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក ។

លទ្ធផលដ៏សំខាន់មួយនៃជំនួបនេះ គឺការយល់ព្រមពីខាងភាគីចិនក្នុងការជួយសម្រួលដល់ការផ្គត់ផ្គង់ប្រេងយន្តហោះសម្រាប់អាជីវកម្មអូស្ត្រាលី។ ជំនួបនេះ ត្រូវគេចាត់ទុកថាជាជំហានវិជ្ជមានដំបូង ដើម្បីឆ្លើយតបទៅនឹងវិបត្តិការផ្គត់ផ្គង់ប្រេងដែលកំពុងតែមានភាពរអាក់រអួល ដោយសារតែភាពតានតឹងនៅតាមផ្លូវទឹកអន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញតាមនាវា ។

ភាគីទាំងពីរ សង្កត់ធ្ងន់លើសារៈសំខាន់នៃច្រកសមុទ្រ ហ័សមូស (Hormuz) ដែលជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក។ ចិន និងអូស្ត្រាលីបានប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសុវត្ថិភាពនាវាចរណ៍នៅតំបន់នោះ ខណៈតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្លាំង ដោយសារតែផលប៉ះពាល់ពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ដែលបង្កការរំខានដល់ផ្លូវដឹកជញ្ជូនប្រេងដ៏ធំរបស់ពិភពលោក ។

ដំណើរទស្សនកិច្ចលើកទី៣ របស់លោកស្រី ភែននី វុង (Penny Wong) នេះ បានបង្ហាញពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតដ៏រឹងមាំរវាងអូស្ត្រាលី និងចិន។ មេដឹកនាំនៃប្រទេសទាំងពីរហាក់បង្ហាញឆន្ទៈខ្ពស់ក្នុងការសហការគ្នាលើវិស័យការពារជាតិ និងសេដ្ឋកិច្ច ដើម្បីធានាឱ្យបាននូវស្ថិរភាពថាមពល ស្របពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិភូមិសាស្ត្រនយោបាយយ៉ាងស្មុគស្មាញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖ Screenshots from VIORY’s video.