ចិន ថ្កោលទោសជប៉ុន ដែលកំពុងព្យាយាមពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរឋានន្តរសក្តិកងទ័ពឱ្យដូចសម័យសង្គ្រាមលោកលើកទី២
ចិន៖ ប្រទេសចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានសម្តែងការមិនពេញចិត្ត និងព្រមានយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសជប៉ុន ដែលកំពុងព្យាយាមពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរឋានន្តរសក្តិកងទ័ពឱ្យដូចសម័យសង្គ្រាមលោកលើកទី២។ ចិនចាត់ទុកសកម្មភាពនេះ ថាជាការបោះបង់ចោលមាគ៌ាសន្តិភាព ហើយងាកទៅរករបបយោធានិយមដែលធ្លាប់បង្កវិនាសកម្មកាលពីអតីតកាល ដែលអាចប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល ។
ដោយឡែក ភាគីជប៉ុន លើកឡើងថា ការកែសម្រួលឋានន្តរសក្តិកងកម្លាំងស្វ័យការពារ គឺដើម្បីឱ្យស្របតាមស្តង់ដារអន្តរជាតិ និងដើម្បីលើកកម្ពស់មោទនភាពជាតិ។ ទោះជាយ៉ាងណាក្ដី ការផ្លាស់ប្តូរនេះ ធ្វើឡើងក្រោមកិច្ចខិតខំនៃយុទ្ធសាស្ត្រ «ជប៉ុនជាចម្បង ឬ Japan First» បានបង្កឱ្យមានក្ដីព្រួយបារម្ភទាំងក្នុង និងក្រៅប្រទេសថា ជប៉ុនអាចនឹងលះបង់ជំហរអត់ធ្មត់ផ្នែកយោធារបស់ខ្លួនដែលបានប្រកាន់ខ្ជាប់តាំងពីក្រោយសង្គ្រាមមក ។
បន្ថែមលើវិវាទយោធា អ្នកនាំពាក្យចិនក៏បានលើកឡើងពីបញ្ហាកោះតៃវ៉ាន់ផងដែរ ដោយរិះគន់អ្នកនយោបាយជប៉ុនមួយចំនួនថា ចូលចិត្តលូកដៃរឿងតៃវ៉ាន់ដែលជាផ្នែករបស់ចិន ខណៈដែលបញ្ហាប្រវត្តិសាស្ត្ររបស់ខ្លួនដូចជា រឿងស្ត្រីបម្រើផ្លូវភេទសម័យសង្គ្រាម និងពលកម្មដោយបង្ខំ បែរជាធ្វើមិនដឹងមិនឮទៅវិញ។
ភាពតានតឹងរវាងមហាអំណាចអាស៊ីទាំងពីរនេះ កំពុងតែមានសភាពស្រួចស្រាល់លើគ្រប់វិស័យ តាំងពីនយោបាយយោធា រហូតដល់បញ្ហាទឹកដី និងប្រវត្តិសាស្ត្រ។ ខណៈដែលចិននៅតែប្រកាន់ជំហររឹងទទឹងលើគោលការណ៍ «ចិនតែមួយ» ស្របពេលជប៉ុនក៏ហាក់មិនថមថយក្នុងការបង្កើនឥទ្ធិពលយោធារបស់ខ្លួនឡើយ ដែលស្ថានភាពនេះតម្រូវឱ្យមានការតាមដានយ៉ាងដិតដល់ពីសហគមន៍អន្តរជាតិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshots from VIORY’s video/ VCG.