ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អ.ស.ប៖ មនុស្សចំនួន ៤៥ លាននាក់នៅទូទាំងពិភពលោកប្រឈមវិបត្តិអត់ឃ្លាន បើច្រកសមុទ្រ Hormuz នៅតែបន្តបិទ

image


សហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក អាន់តូនីញ៉ូ ហ្គតធើរ៉េស (Antonio Guterres) បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបិទច្រកសមុទ្រ ហ័រមូស (Hormuz) ដែលអាចបង្កឱ្យមានវិបត្តិអត់ឃ្លានដល់មនុស្សចំនួន ៤៥ លាននាក់នៅទូទាំងពិភពលោក។ លោកសង្កត់ធ្ងន់កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាតិទាំងអស់កំពុងតែរងគ្រោះដោយសារតែវិបត្តិនេះ ហើយវាត្រូវការពេលរាប់ខែដើម្បីស្តារប្រព័ន្ធដឹកជញ្ជូនឡើងវិញ បើច្រកទឹកនេះ មិនត្រូវបានបើកឱ្យដំណើរការជាធម្មតាវិញ ។

វិបត្តិនេះ កំពុងគំរាមកំហែងដល់សេដ្ឋកិច្ចសកលយ៉ាងធ្ងន់ធ្ងរ ដោយលោក ហ្គតធើរ៉េស (Guterres) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះពី ៣,៤% មកនៅត្រឹម ៣,១% ខណៈដែលអតិផរណានឹងកើនឡើងដល់ ៤,៤%។ បើការបិទច្រកសមុទ្រនេះអូសបន្លាយដល់ដាច់ឆ្នាំ ២០២៦ ពិភពលោកអាចនឹងជួបវិបត្តិអតិផរណាលើសពី ៦% ដែលវានឹងបំផ្លាញសមិទ្ធផលនៃការអភិវឌ្ឍដែលបានកសាងកន្លងមកយ៉ាងឆាប់រហ័ស ។

ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្ននេះ អង្គការសហប្រជាជាតិ បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីរៀបចំច្រករបៀងមនុស្សធម៌ និងស្វែងរកវិធីជម្លៀសនាវា និងនាវិកចេញពីតំបន់ជម្លោះដោយសុវត្ថិភាព។ លោក ចច ម៉ូរ៉េរ៉ា ដាល់ស៊ីលវ៉ា (Jorge Moreira da Silva) ប្រធានក្រុមការងារពិសេស កំពុងធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បីពិគ្រោះយោបល់ និងរៀបចំផែនការទប់ស្កាត់ក្នុងករណីដែលស្ថានភាពកាន់តែអាក្រក់ទៅៗ ។

ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៤ ឆ្នាំ។ ការដាក់កម្រិតលើការធ្វើនាវាចរណ៍ពីសំណាក់ភាគីជម្លោះ មិនត្រឹមតែប៉ះពាល់ដល់ស្ថិរភាពនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាបន្ទុកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សជាតិទាំងមូលដែលកំពុងរង់ចាំដំណោះស្រាយការទូត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters/ usatoday on Microsoft Bing