សង្គម

ជនជាប់ឃុំ ១៦១នាក់ ត្រូវបានផ្ទេរចេញ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ខេត្តកំពង់ស្ពឺ

image


កំពង់ស្ពឺ៖ ជនជាប់ឃុំចំនួន ១៦១នាក់ ត្រូវបានផ្ទេរចេញ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។ការផ្ទេរចេញត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តាមការណែនាំរបស់ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នកំណើនជនជាប់ឃុំមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយគិតមកទល់ថ្ងៃនេះ ជនជាប់ឃុំបានកើនរហូតដល់ជាង ៣០០០នាក់ (ស្ត្រីជិត២០០នាក់) និងក្មេងតាមម្តាយជាង ១០នាក់។ ជុំវិញកំណើននៃជនជាប់ឃុំនេះ ភាគច្រើនគឺបទល្មើសគ្រឿងញៀន ក្មេងទំនើង ដែលមានរហូតដល់ជាង ២០០០នាក់ លើចំនួនសរុបនៃជនជាប់ឃុំ។

លោកបន្តថា ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងការរស់នៅរបស់ជនជាប់ឃុំ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការផ្ទេរចេញនូវជនជាប់ឃុំជាច្រើនលើកទៅដាក់នៅតាមពន្ធនាគារនៃខេត្តផ្សេង ហើយសម្រាប់នៅថ្ងៃនេះក៏ត្រូវបានផ្ទេរចេញជនជាប់ឃុំប្រមាណ ១៦១នាក់ (ស្រី១០នាក់) បន្ថែមទៀតទៅកាន់មណ្ឌលអប់រំ កែប្រែ ស្តានីតិសម្បទារ ស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាល៕

អត្ថបទ៖ ប៊ុត សារុន