ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដកំពង់ស្ពឺ ជាង៩០០នាក់
កំពង់ស្ពឺ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី នៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដកំពង់ស្ពឺ ប្រមាណជាង៩០០នាក់ ដែលកម្មវិធីនេះ ប្រព្រឹត្ដិឡើងនៅបរិវេណសាលាខេត្ដកំពង់ស្ពឺ។
ខេត្ដកំពង់ស្ពឺ គឺជាខេត្ដទី៣ហើយ ដែល សម្ដេចតេជោ ហ៊ុន សែន បានបន្ដមកចុះជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅមូលដ្ឋានផ្ទាល់ បន្ទាប់ពីខេត្តកំពង់ចាម និងត្បូងឃ្មុំ។
ការចុះជួបសំណេះសំណាលនេះជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
សូមជម្រាបជូនថា តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅខេត្ដផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ អេង សុគុណ