ព័ត៌មានអន្តរជាតិ

លោកត្រាំ រិះគន់ណាតូ និងគំរាមដកទ័ពអាម៉េរិកចេញពីអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដើម្បីឆ្លើយតបនឹងភាពអសកម្ម និងអគុណធម៌របស់សម្ព័ន្ធមិត្ត

image

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តណាតូ ជាពិសេសប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដោយលោកបានរិះគន់ថាប្រទេសទាំងនេះមិនបានផ្តល់ជំនួយអ្វីដល់សហរដ្ឋអាម៉េរិកឡើយ។ ការណ៍នេះ បានឈានទៅដល់ការគំរាមដកកងទ័ពអាម៉េរិកចេញពីប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលលោកចាត់ទុកថាជាភាពអសកម្ម និងអគុណធម៌របស់សម្ព័ន្ធមិត្ត ។

លោក ត្រាំ បានរម្លឹកពីការលះបង់របស់អាម៉េរិកក្នុងវិបត្តិនៅអ៊ុយក្រែន ដែលលោកយល់ថាជាបញ្ហារបស់អឺរ៉ុបសុទ្ធសាធ ប៉ុន្តែអាម៉េរិកបែរជាត្រូវចំណាយប្រាក់រាប់រយពាន់លានដុល្លារក្រោមរដ្ឋបាលមុន។ លោកបានស្តីបន្ទោសថា ការផ្តល់ជំនួយហួសហេតុបានធ្វើឱ្យសង្គ្រាមអូសបន្លាយ ខណៈដែលប្រទេសអឺរ៉ុបខ្លួនឯងដែលស្ថិតនៅជាប់នឹងជម្លោះ បែរជាមិនបានបង្ហាញពីស្មារតីជួយគ្នាឱ្យបានសមស្របនៅពេលដែលអាម៉េរិកត្រូវការវិញ ។

ចំពោះបញ្ហាជាមួយអ៊ីរ៉ង់ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា កងទ័ពអាម៉េរិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយដោយខ្លួនឯង ហើយការដែលលោកសួររកជំនួយពីសមាជិកណាតូ គឺគ្រាន់តែជាការសាកល្បងចិត្តតែប៉ុណ្ណោះ។ លោកមានការខកចិត្តដែលសម្ព័ន្ធមិត្តបដិសេធមិនចូលរួមពាក់ព័ន្ធ បើទោះបីជាពួកគេជាអ្នកទទួលបានផលប្រយោជន៍ផ្ទាល់ពីសន្តិសុខនៅច្រកសមុទ្រ ហ័រមូស (Hormuz) សម្រាប់ការដឹកជញ្ជូនប្រេងរបស់ពួកគេក៏ដោយ ។

ជំហររបស់លោក ត្រាំ នៅពេលនេះ បង្ហាញពីការប្រែប្រួលយ៉ាងខ្លាំងនៃនយោបាយការពារជាតិអាម៉េរិក ដោយលោកលែងចង់ឱ្យអាម៉េរិកធ្វើជាអ្នកការពារអឺរ៉ុបដោយឥតគិតថ្លៃទៀតហើយ។ ការគំរាមដកទ័ពនេះ គឺជាសម្ពាធនយោបាយមួយដើម្បីបង្ខំឱ្យបណ្តាប្រទេសក្នុងអង្គការណាតូ ត្រូវបង្ហាញសកម្មភាពគាំទ្រអាម៉េរិកឱ្យបានពិតប្រាកដ ជាជាងត្រឹមតែពាក្យសម្តី បើមិនដូច្នោះទេ ពួកគេនឹងត្រូវរ៉ាប់រងសន្តិសុខដោយខ្លួនឯង ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ (Sean Gallup/Getty Images)