ក្រុមហ៊ុន American Airlines ចាប់ផ្ដើមជើងហោះហើរត្រង់ឡើងវិញទៅកាន់ទីក្រុងការ៉ាកាស ប្រទេសវេណេហ្ស៊ូអេឡា ក្រោយផ្អាកជិត ៧ ឆ្នាំ
សហរដ្ឋអាម៉េរិក៖ ទំនាក់ទំនងអាកាសចរណ៍រវាងសហរដ្ឋអាម៉េរិក និងវេណេហ្ស៊ូអេឡា បានឈានចូលរបត់ថ្មីមួយជាមួយនឹងការចុះចតនៃជើងហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុន អាម៉េរិកឃេន អ៊ែរឡាញ(American Airlines) នៅឯទីក្រុងការ៉ាកាស (Caracas) បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ៧ ឆ្នាំ។ ព្រឹត្តិការណ៍នេះ ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីជាន់ខ្ពស់វេណេហ្ស៊ូអេឡា ដែលចាត់ទុកថាជាសញ្ញានៃការបើកចំហប្រទេសទៅកាន់ពិភពលោកឡើងវិញ ក្រោយវិបត្តិនយោបាយដ៏វែងឆ្ងាយ ។
ជើងហោះហើរដែលតភ្ជាប់ពីទីក្រុងម៉ៃអាមី ទទួលបានអាជ្ញាប័ណ្ណដំណើរការរយៈពេលពីរឆ្នាំពីក្រសួងដឹកជញ្ជូនអាម៉េរិក ដោយគ្របដណ្តប់លើគោលដៅសំខាន់ៗចំនួនពីរគឺ ទីក្រុងការ៉ាកាស និងទីក្រុងម៉ារ៉ាកៃបូ (Maracaibo)។ ការតភ្ជាប់នេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងរដ្ឋបាលលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេហ្ស៊ូអេឡាផងដែរ ។
មូលហេតុចម្បងនៃការផ្លាស់ប្តូរនេះ គឺដោយសារតែការប្រែប្រួលយ៉ាងខ្លាំងនៃស្ថានភាពនយោបាយនៅវេណេហ្ស៊ូអេឡា បន្ទាប់ពីការចាប់ខ្លួនអតីតមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ក្នុងប្រតិបត្តិការយោធាអាម៉េរិក កាលពីដើមឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ បាននាំឱ្យមានការសម្របសម្រួលថ្មីរវាងថ្នាក់ដឹកនាំអាម៉េរិក និងលោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) ដែលជាប្រធានាធិបតីស្តីទី ដើម្បីស្តារទំនាក់ទំនងសេដ្ឋកិច្ច និងការធ្វើដំណើរឡើងវិញ ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសន្តិសុខនៅតែជាបញ្ហាប្រឈមដ៏ចម្បងដែលពលរដ្ឋអាម៉េរិកត្រូវយកចិត្តទុកដាក់។ បើទោះបីជាយន្តហោះអាចហោះហើរបានធម្មតា ប៉ុន្តែក្រសួងការបរទេសអាម៉េរិកនៅតែដាក់វេណេហ្ស៊ូអេឡា នៅក្នុងកម្រិតគ្រោះថ្នាក់ដែលមិនគួរធ្វើដំណើរទៅ ដោយសារតែបញ្ហាសន្តិសុខ និងស្ថិរភាពផ្ទៃក្នុងដែលមិនទាន់មានភាពប្រាកដប្រជាពេញលេញនៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.