នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ពីលទ្ធផលវិជ្ជមានផ្នែកការទូត ក្រោយនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានបង្ហាញពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាមួយអ៊ីរ៉ង់ រហូតអនុញ្ញាតឱ្យនាវាដឹកជញ្ជូនរបស់ជប៉ុនអាចឆ្លងកាត់ច្រកសមុទ្រ ហ័រមូស (Hormuz) ដោយសុវត្ថិភាព កាលពីថ្ងៃព្រហស្បតិ៍។ ការសម្របសម្រួលនេះ បានកើតឡើងបន្ទាប់ពីកិច្ចពិភាក្សាដោយផ្ទាល់តាមទូរសព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសស្កៀន (Masoud Pezeshkian) ដើម្បីធានាសុវត្ថិភាពដល់នាវិក និងទំនិញ ស្របពេលដែលមានភាពតានតឹងនៅក្នុងតំបន់ ។
រដ្ឋាភិបាលជប៉ុន បានបង្ហាញជំហរយ៉ាងច្បាស់ក្នុងការជំរុញឱ្យមានការបើកចំហផ្លូវទឹកជាអន្តរជាតិ ដើម្បីធានាឱ្យបាននូវសេរីភាពនៃការធ្វើនាវាចរណ៍។ លោកស្រី តាកាអ៊ិឈិ (Takaichi) ក៏បានឆ្លៀតឱកាសនេះដើម្បីជំរុញឱ្យសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ វិលមករកតុចរចាវិញឱ្យបានឆាប់ ដើម្បីដោះស្រាយវិវាទ និងបង្កើតកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ដែលនឹងផ្តល់ផលប្រយោជន៍ដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក ។
បញ្ហាសន្តិសុខនៅច្រកសមុទ្រ ហ័រមូស (Hormuz) គឺជាក្ដីកង្វល់ចម្បងសម្រាប់ប្រទេសជប៉ុន ព្រោះនៅមាននាវា និងពលរដ្ឋជប៉ុនជាច្រើននាក់ទៀតដែលកំពុងជាប់គាំងនៅក្នុងឈូងសមុទ្រពែរ្ស។ ជប៉ុនបានប្តេជ្ញាចិត្តថា នឹងមិនបោះបង់ការខិតខំប្រឹងប្រែងផ្នែកការទូតឡើយ រហូតទាល់តែនាវាទាំងអស់ដែលពាក់ព័ន្ធនឹងខ្លួន អាចធ្វើដំណើរចេញពីតំបន់គ្រោះថ្នាក់នោះបានដោយជោគជ័យ និងគ្មានការរំខាន ។
សារៈសំខាន់នៃច្រកសមុទ្រ ហ័រមូស (Hormuz) មិនអាចមើលរំលងបានឡើយ ព្រោះវាជាសរសៃឈាមសេដ្ឋកិច្ចដែលផ្ទុកប្រេងប្រហែល ២០% នៃតម្រូវការពិភពលោក។ ការរំខានណាមួយនៅច្រកសមុទ្រនេះ មិនត្រឹមតែប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលរបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កជាវិបត្តិសេដ្ឋកិច្ចសកល ដែលទាមទារឱ្យមានការចូលរួមការពារពីសហគមន៍អន្តរជាតិទាំងមូល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.