វត្តមានត្រីសេះសមុទ្រកាន់តែច្រើននៅខេត្តកែប បញ្ជាក់អំពីភាពល្អប្រសើរឡើងវិញនៃប្រព័ន្ធអេកូឡូស៊ី
កែប៖ អ្នកស្រាវជ្រាវរបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ថា ត្រីសេះសមុទ្រជាប្រភេទត្រីពិសេសម្យ៉ាងខុសពីត្រី និងសត្វដទៃ ដោយសារត្រីឈ្មោល ជាអ្នកពពោះភ្ញាស់កូន។ ត្រីនេះរស់នៅស្ងៀមស្ងាត់ក្នុងតំបន់ដែលមានស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាង។ រយៈពេលចុងក្រោយនេះ គេប្រទះឃើញត្រីសេះសមុទ្រ៤ប្រភេទជាញឹកញាប់ នៅតំបន់ប្រជុំកោះនៃខេត្តកែប។ វត្តមានប្រភេទសត្វងាយរងគ្រោះនេះ បានបញ្ហាញថា ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីខេត្តកែបមានភាពល្អប្រសើរឡើងិវញ។
កញ្ញា តៃ ឆេន អ្នកគ្រប់គ្រងការងារទូទៅនៅលើកោះអាចម៍សេះ របស់អង្គការ MCC បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានបង្កើតតំបន់អភិរក្សជលផល នៅតាមតំបន់ប្រជុំកោះ និងមានការចូលរួមសហការល្អ ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរ មន្ត្រីជំនាញ និងប្រជានេសាទ គេបានប្រទះឃើញវត្តមានត្រីសេះសមុទ្រ ដែលជាសត្វងាយរង់គ្រោះញឹកញាប់ជាងមុន នៅក្នុងតំបន់ប្រជុំកោះ ពិសេសកោះអាចម៍សេះ។ កញ្ញា បានបញ្ជាក់ថា ត្រីសេះសមុទ្រមានលក្ខណៈពិសេសខុសពីត្រី និងសត្វដទៃ គឺចូលចិត្តរស់នៅស្ងាប់ស្ងាត់ ហើយសត្វឈ្មោលពពោះភ្ញាស់កូន។
អ្នកស្រាវជ្រាវរូបនោះ បានបញ្ជាក់បន្ថែមថា វត្តមានត្រីសេះសមុទ្រកាន់តែច្រើន បានបង្ហាញអំពីភាពវិជ្ជមាន ចំពោះការកកើតនៃធនធាន ជីវចម្រុះ ពិសេសការស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជាឡើងវិញ។
សូមបញ្ជាក់ថា តំបន់អភិរក្សជលផលខេត្តកែប ដែលសំបូរត្រីសេះសមុទ្រច្រើនជាងគេ គឺនៅតំបន់ជុំវិញកោះអាចម៍សេះ ដែលជាកោះនៅឆ្ងាយពីក្រុងកែបជាងគេ ហើយនៅជាប់នឹងព្រំដែនសមុទ្រនៃប្រទេសវៀតណាម។ ក្រោមការអភិរក្សរបស់អង្គការ MCC និងមន្ត្រីជលផលខេត្តកែប ទូកនេសាទ ទូកទេសចរណ៍កម្សាន្ត និងទូកស្ទួចត្រីកម្សាន្ត មិនអនុញ្ញាតឲ្យចូលទៅក្បែរកោះអាចម៍ឡើយ៕
អត្ថបទ៖ ង៉ុង សាន់