កងទ័ពអ៊ីស្រាអ៊ែល បង្ហូតទង់ជាតិជាលើកទី២ នៅក្នុងទឹកដីនៃប្រទេសលីបង់ កាលពីពេលថ្មីៗនេះ
អ៊ីស្រាអ៊ែល៖ កងទ័ពអ៊ីស្រាអ៊ែល បានបង្ហូតទង់ជាតិរបស់ខ្លួននៅលើប៉មមួយកន្លែងដែលស្ថិតនៅលើតំបន់ខ្ពង់រាប នៅចន្លោះតំបន់ណាឃូរ៉ា (Naqoura) និង បេយយ៉ាដា (Bayyada) ក្នុងស្រុកថាយអ៊ើ (Tyre) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ។
តាមរយៈវីដេអូដែលទទួលបានដោយទីភ្នាក់ងារ VIORY បានបង្ហាញពីទង់ជាតិអ៊ីស្រាអ៊ែលត្រូវបានបង្ហូតឡើងនៅក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រងនៅភាគខាងត្បូងលីបង់។ ការធ្វើបែបនេះ គឺជាលើកទីពីរហើយដែលអ៊ីស្រាអ៊ែល បានដោតទង់ជាតិខ្លួនក្នុងដីលីបង់ បន្ទាប់ពីធ្លាប់បានធ្វើបែបនេះម្តងរួចមក កាលពីជម្លោះឆ្នាំ ២០២៤ ។
កងទ័ពអ៊ីស្រាអ៊ែល បានដាក់ចេញនូវខ្សែបន្ទាត់ដែលគេហៅថាជា «ខ្សែបន្ទាត់ពណ៌លឿង» នៅភាគខាងត្បូងលីបង់ ដើម្បីរារាំងប្រជាជនមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ។ កងទ័ពអ៊ីស្រាអ៊ែល បានប្រាប់អ្នកស្រុកនៅក្នុងទីប្រជុំជនប្រហែល ៨០ កុំឱ្យវិលត្រឡប់ទៅវិញ ដោយអះអាងថាខ្លួនត្រូវរក្សាវត្តមាននៅទីនោះដើម្បីប្រឆាំងនឹង «សកម្មភាពភេរវកម្ម» ។
កាលពីថ្ងៃទី១៥ ខែមេសា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនូវបទឈប់បាញ់រយៈពេល ១០ ថ្ងៃ ហើយនៅថ្ងៃទី២៣ ខែមេសា លោកបានបញ្ជាក់ពីការបន្តបទឈប់បាញ់រយៈពេល ៣ សប្តាហ៍ទៀត ក្រោយមានការចរចាដោយផ្ទាល់រវាងមន្ត្រីលីបង់ និងអ៊ីស្រាអ៊ែលនៅទីក្រុងវ៉ាស៊ីនតោន ។
ដោយឡែក ក្រសួងសុខាភិបាលលីបង់ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២ ខែមីនា រហូតដល់ថ្ងៃទី១ ខែឧសភា ចំនួនអ្នកស្លាប់ដោយសារតែប្រតិបត្តិការយោធាអ៊ីស្រាអ៊ែល បានកើនឡើងដល់ ២,៦១៨ នាក់ និងរបួស ៨,០៩៤ នាក់។ អ៊ីស្រាអ៊ែលមានបំណងបង្កើតតំបន់សុវត្ថិភាពនៅក្នុងទឹកដីលីបង់ ចាប់ពីព្រំដែនរហូតដល់ទន្លេលីតានី (Litani) ដែលស្មើនឹងប្រហែល ១០% នៃផ្ទៃដីសរុបរបស់ប្រទេសលីបង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.