ព័ត៌មានអន្តរជាតិ

សមាជិកសភាអ៊ីរ៉ង់៖ វិធីសាស្ត្រចរចារបស់អាម៉េរិក ប្រៀបដូចជាអំពើហិង្សារបស់មន្ត្រីអាម៉េរិកដែលបានសម្លាប់បុរសស្បែកខ្មៅ កាលពីឆ្នាំ ២០២០

image


អ៊ីរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ លោក អាបុលហ្វាហ្ស ហ្សូរ៉េវែន (Abolfazl Zohrevand) បានធ្វើការបដិសេធចំពោះវិធីសាស្ត្រចរចារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយលោកបានប្រៀបធៀបសម្ពាធពីខាងអាម៉េរិកទៅនឹងអំពើហិង្សារបស់មន្ត្រីនគរបាលអាម៉េរិកដែលបានសម្លាប់បុរសស្បែកខ្មៅ ចច ផ្លយ (George Floyd) កាលពីឆ្នាំ ២០២០។ លោកសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនព្រមចុះចាញ់ក្រោមការគំរាមកំហែងដែលរំលោភបំពានលើអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួននោះឡើយ ។

ចំពោះគោលជំហរក្នុងការបញ្ចប់ជម្លោះ អ៊ីរ៉ង់បានបដិសេធរាល់បទឈប់បាញ់ជាឯកតោភាគី និងទាមទារឱ្យមានការចរចាដែលផ្អែកលើភាពស្មើគ្នា ជាជាងការដាក់សម្ពាធឱ្យយល់ព្រមតែម្ខាង។ មន្ត្រីរូបនេះ បានបញ្ជាក់ថា អ៊ីរ៉ង់មានលក្ខខណ្ឌច្បាស់លាស់ និងទាមទារឱ្យមានការបង់ប្រាក់សំណង ព្រមទាំងការទទួលខុសត្រូវចំពោះការវាយប្រហារយោធាដែលបានកើតឡើងលើដីអ៊ីរ៉ង់នាពេលកន្លងមក មុននឹងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពណាមួយ ។

ស្ថានភាពតានតឹងរវាងមហាអំណាចទាំងពីរ កើតមានឡើង បន្ទាប់ពីមានប្រតិបត្តិការយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល កាលពីចុងខែកុម្ភៈ រហូតនាំឱ្យមានការវាយបកសងសឹកពីសំណាក់អ៊ីរ៉ង់។ ទោះបីជាមានការប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នពីសំណាក់លោក ត្រាំ ដើម្បីបើកផ្លូវឱ្យមានការចរចាក៏ដោយ ប៉ុន្តែកិច្ចពិភាក្សាដែលសម្របសម្រួលដោយប៉ាគីស្ថានកាលពីពាក់កណ្តាលខែមេសា មិនទាន់អាចរកឃើញចំណុចរួមណាមួយនៅឡើយ។ ស្ថានភាពការទូតរវាងអាម៉េរិក និងអ៊ីរ៉ង់នៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារតែភាគីអ៊ីរ៉ង់ចាត់ទុកថាអាម៉េរិកថាកំពុងប្រើប្រាស់អំណាចត្រួតត្រា និងភាពក្រអឺតក្រទមនៅក្នុងការចរចា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ edition.cnn on Microsoft Bing