លោកត្រាំ មានបំណងកម្ទេចសមត្ថភាពមីស៊ីលដែលសល់ ១៥% ឱ្យអស់ និងព្រមានវាយប្រហារអ៊ីរ៉ង់សារជាថ្មី បើហ៊ានតែបង្កបញ្ហា
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ការព្រមានយ៉ាងធ្ងន់ៗថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនជាស្រេចក្នុងការបើកការវាយប្រហារយោធាលើអ៊ីរ៉ង់សារជាថ្មី បើប្រទេសនេះបង្កបញ្ហា ឬធ្វើសកម្មភាពណាមួយដែលមិនគប្បី។ លោកមានគោលដៅចង់កម្ទេចសមត្ថភាពមីស៊ីលដែលនៅសេសសល់ប្រហែល ១៥% របស់អ៊ីរ៉ង់ឱ្យអស់ ដើម្បីបង្ការកុំឱ្យប្រទេសនេះ មានឱកាសកសាងកម្លាំងទ័ពឡើងវិញ ។
លោក ត្រាំ បានបង្ហាញជំនឿចិត្តថា ការដាក់សម្ពាធយោធា និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន បានធ្វើឱ្យអ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពទន់ខ្សោយយ៉ាងខ្លាំង រហូតដល់ថ្នាក់ចង់មកចរចាធ្វើកិច្ចព្រមព្រៀងជាមួយអាម៉េរិក។ លោកចង់ឱ្យកិច្ចព្រមព្រៀងនាពេលអនាគត មានលក្ខណៈរឹងមាំ និងមានប្រសិទ្ធភាពយូរអង្វែង ដើម្បីធានាថាសហរដ្ឋអាម៉េរិកមិនចាំបាច់ត្រូវត្រឡប់មកដោះស្រាយបញ្ហាដដែលៗជាមួយអ៊ីរ៉ង់ក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀតឡើយ ។
ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រតាមផ្លូវទឹក លោក ត្រាំ បានបង្ហាញមោទនភាពចំពោះការបិទផ្លូវនាវាចរណ៍ និងការរឹបអូសនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ដោយលោកអះអាងថា ការបិទផ្លូវទឹកនេះកំពុងដំណើរការទៅយ៉ាងរលូន ដែលគ្មានការតតាំងពីភាគីណាមួយឡើយ ហើយនេះសបញ្ជាក់ពីអំណាចគ្រប់គ្រងរបស់អាម៉េរិក ។
ក្រៅពីបញ្ហាអ៊ីរ៉ង់ លោក ត្រាំ ក៏បានបង្ហើបពីផែនការយុទ្ធសាស្ត្រយោធានៅអឺរ៉ុបផងដែរ ដោយលោកសម្រេចចិត្តដកកងទ័ពប្រមាណជា ៥,០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ជាចំនួនដ៏ច្រើនលើសលប់ជាងការគ្រោងទុក។ ការកាត់បន្ថយចំនួនកងទ័ពដ៏ច្រើននេះ បង្ហាញពីការផ្លាស់ប្តូរគោលនយោបាយការពារជាតិរបស់អាម៉េរិក ក្នុងការរៀបចំកម្លាំងទ័ពរបស់ខ្លួនឡើងវិញនៅទូទាំងសកលលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ TIME | រូបភាព៖ VIORY/ nytimes on Microsoft Bing