ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ ជំរុញឱ្យប្រទេសបស្ចិមលោកឯកភាពគ្នា ក្រោយព្រមានពីសញ្ញានៃការបែកបាក់នៅក្នុងអង្គការណាតូ

image


ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) កាលពីចុងសប្ដាហ៍កន្លងទៅ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសញ្ញានៃការបែកបាក់គ្នានៅក្នុងអង្គការណាតូ ដែលលោកចាត់ទុកថាជាគ្រោះថ្នាក់ដ៏ខ្លាំងជាងសត្រូវមកពីខាងក្រៅទៅទៀត។ លោកបានជំរុញឱ្យបណ្តាប្រទេសបស្ចិមលោកត្រូវតែឯកភាពគ្នា ដើម្បីទប់ស្កាត់ការរលាយបែកបាក់នៃសម្ព័ន្ធភាពដ៏រឹងមាំមួយនេះ នៅស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអឺរ៉ុបកំពុងធ្លាក់ចុះដុនដាបខ្លាំង ។

ភាពតានតឹងនេះ បានឈានដល់ចំណុចកំពូល បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ ដែលជាចំណាត់ការសងសឹកចំពោះជំហររបស់អឺរ៉ុបលើបញ្ហានៅអ៊ីរ៉ង់ ។
ក្នុងនាមជាមេដឹកនាំប្រទេសជួរមុខ លោក ថាស់ (Tusk) បានប្តេជ្ញាថានឹងធ្វើគ្រប់យ៉ាងដើម្បីផ្សះផ្សាជម្លោះផ្ទៃក្នុងទាំងនេះ ព្រោះលោកយល់ថា ទំនាក់ទំនងរវាងអឺរ៉ុប និងអាម៉េរិកខាងជើង គឺជាសរសៃឈាមយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន។ លោកចង់បញ្ជ្រាបការយល់ដឹងនេះទៅកាន់មេដឹកនាំដទៃទៀត នៅក្នុងកិច្ចប្រជុំកំពូលខាងមុខ ដើម្បីធានាថាសាមគ្គីភាពរបស់ណាតូនឹងមិនត្រូវបានបំផ្លាញដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាតំបន់នោះឡើយ ។

ស្ថានភាពបច្ចុប្បន្នបង្ហាញពីវិបត្តិដ៏ជ្រៅនៅក្នុងសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក ដែលទាមទារឱ្យមានការសម្របសម្រួលកម្រិតខ្ពស់រវាងអាម៉េរិក កាណាដា និងអឺរ៉ុប។ កិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបដែលនឹងមកដល់ នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់មេដឹកនាំជិត ៥០ ប្រទេស ក្នុងការដោះស្រាយវិវាទផ្ទៃក្នុង និងរឹតចំណងសាមគ្គីភាពឡើងវិញ ដើម្បីស្ថិរភាពសន្តិសុខសកល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ shutterstock on Microsoft Bing