រដ្ឋលេខាធិការក្រសួងការបរទេស៖ ក្នុងករណីដែលភាគីថៃ ដកខ្លួនដោយឯកតោភាគី ចេញពី MoU 2001 កម្ពុជា ពុំមានជម្រើសអ្វីក្រៅតែពីពឹងផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ដែលការសម្រេចចិត្តនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់កម្ពុជា
ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីពីគោលជំហររបស់កម្ពុជា ក្នុងករណីភាគីថៃសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ បានមានប្រសាសន៍ថា កម្ពុជា ពិតជាមានការសោកស្តាយ ដែលភាគីថៃកំពុងពិចារណា ក្នុងការដកខ្លួនចេញដោយឯកតោភាគី ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។
លោករដ្ឋលេខាធិការ បានបន្តថា សម្រាប់កម្ពុជា តែតែផ្តល់អាទិភាព សម្រាប់យុន្ធការទ្វេរភាគី ដែលស្របតាមអនុស្សរណៈនៃការយោគយល់នេះ។ ជាង២៥ឆ្នាំកន្លងមកនេះ MoU នេះ បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេរភាគី ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនេះ បានបញ្ជាក់ឱ្យឃើញអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសុឆន្ទៈទៅវិញទៅមក។
លោក គង់ ភោគ មានប្រសាសន៍ថា ការដកខ្លួនដោយឯកតោភាគីរបស់ថៃ ចេញពី MoU នេះ គឺជាបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរ បានពឹងផ្អែក និងប្រើប្រាស់ជាង២ទសវត្សរ៍។
លោក គង់ ភោគ បានបញ្ជាក់ថា "ក្នុងករណីដែលភាគីថៃ ដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១នេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ភ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជា ពុំមានជម្រើសអ្វីក្រៅតែពីពឹងផ្អែក ទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះនោះទេ។"
លោករដ្ឋលេខាធិការក្រសួងការបរទេស បានបន្តទៀតថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
លោកថា ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់កម្ពុជា ដែលប្រទេសទាំងពីរ អាចសម្រេចបាននូវដំណោះស្រាយមួយ ដែលមានយុត្តិធម៌ យូរអង្វែង ហើយស្របតាមច្បាប់អន្តរជាតិ ដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ រស់នៅជាមួយគ្នា ដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ៕
អត្ថបទ៖ សន ពិសិដ្ឋ