ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជា មិនមែនត្រឹមតែបណ្តុះបណ្តាលបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ថែមទាំងធានាថាឆ្មបគ្រប់រូប ទទួលបានការអប់រំតាមស្តង់ដាជាតិ និងអន្តរជាតិ មានសិទ្ធសម្រេចចិត្ត ក្នុងការអនុវត្តការងារ

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម ១លាននាក់», ដោយក្នុងនោះ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា មិនមែនត្រឹមតែតាមរយៈការបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ប៉ុន្តែគឺតាមរយៈការធានាថាឆ្មបគ្រប់រូប ដែលបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់ គឺទទួលបានការអប់រំតាមស្តង់ដាជាតិ និងអន្តរជាតិ មានសិទ្ធសម្រេចចិត្តជាមួយនឹងឧបករណ៍ ក្នុងការអនុវត្តការងារ។ 

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមការសិក្សាក្នុងឆ្នាំ២០២០ នៅ៨៨ប្រទេស បានបង្ហាញថា បើពិភពលោកអាចបំពេញបាន ការគ្របដណ្តប់ជាសកលនូវអន្តរាគមន៍ជំនាញឆ្មប នោះការស្លាប់របស់មាតា ទារកទើបនឹងកើត និងទារកស្លាប់ក្នុងផ្ទៃ អាចថយចុះបាន ២ភាគ៣ និងអាចសង្គ្រោះជីវិតបាន ៤,៣លាននាក់ នៅឆ្នាំ២០៣៥។ វត្តមានឆ្មបជំនាញ ក្នុងការថែទាំស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងទារកទើបនឹងកើតពិតជាចាំបាច់ណាស់។ 

លោកសាស្ត្រាចារ្យ ឈាង រ៉ា បន្តថា នាពេលបច្ចុប្បន្ននេះ ប្រទេសជាច្រើនមានតម្រូវការឆ្មបជំនាញខ្ពស់ បែរជាមានចំនួនឆ្មបមិនគ្រប់គ្រាន់ទៅវិញ ដែលជាហេតុធ្វើឱ្យការបម្រើសេវាជូនស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងទារក មិនបានពេញលេញតាមតម្រូវការ ដូចប្រធានបទនៃទិវាឆ្មបជាតិ-អន្តរជាតិ ឆ្នាំ២០២៦ បានលើក «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»។ ដូច្នេះ តម្រូវឱ្យមានការវិនិយោគលើ៖ ១.ការធ្វើផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ការគ្រប់គ្រង និងលើកកម្ពស់បរិស្ថានការងារ ២.ពង្រឹងការបណ្តុះបណ្តាលមូលដ្ឋានជំនាញឆ្មប និងការបណ្តុះបណ្តាល ក្នុងពេលបម្រើការងារសម្រាប់ឆ្មប ៣.កែលម្អការបម្រើសេវាសុខភាពបន្តពូជ សុខភាពមាតា និងទារក និង ៤.ពង្រឹងភាពជាអ្នកដឹកនាំដល់ក្រុមឆ្មបជំនាញ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាបានឆ្លើយតបទៅនឹងការអំពាវនាវនោះ មិនមែនត្រឹមតែតាមរយៈការបង្កើនចំនួនប៉ុណ្ណោះទេ ប៉ុន្តែគឺតាមរយៈការធានាថាឆ្មបគ្រប់រូប ដែលយើងបណ្តុះបណ្តាល នៅគ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់ គឺទទួលបានការអប់រំតាមស្តង់ដាជាតិ និងអន្តរជាតិ មានសិទ្ធសម្រេចចិត្តជាមួយនឹងឧបករណ៍ ក្នុងការអនុវត្តការងារ និងត្រូវបានទទួលស្គាល់ថា ជាអ្នកដឹកនាំម្នាក់ដោយសមត្ថភាពផ្ទាល់ខ្លួន។ ប្រធានបទជាតិរបស់យើងគឺ «ទទួលបានការអប់រំ មានសិទ្ធិសម្រេចចិត្ត និងជាអ្នកដឹកនាំ៖ ឆ្មបកម្ពុជាសម្រាប់មាតាគ្រប់រូប និងគ្រប់កំណើតទារកទាំងអស់» គឺជាការឆ្លើយតបរបស់កម្ពុជា ចំពោះតម្រូវការចាំបាច់ជាសកលនេះ។

សូមជម្រាបថា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះអាទិភាពគន្លឹះមួយ នៃការអភិវឌ្ឍមូលធនមនុស្ស គឺការកែលម្អសុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការបន្តកាត់បន្ថយ ការឈឺ និងស្លាប់ណ្តាលមកពីជំងឺឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជមាតា ទារក និងកុមារ ដែលឆ្មបគឺជាឆ្អឹងខ្នង នៃការផ្តល់សេវាថែទាំសុខភាពជូនដល់ស្ត្រី មាតា ទារក និងកុមារ ក្នុងការចូលរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ